មន្ត្រីជំនាញនៃមន្ទីរសាធារណការ និង ដឹក ជញ្ជូនខេត្តកែប បន្តត្រួតពិនិត្យបច្ចេកទេសយានយន្តដូចភ្លៀងរលឹម...!!!
ខេត្តកែប៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍បាននឹងកំពុងបន្តត្រួតពិនិត្យយានយន្តកែច្នៃ ខុសទ្រង់ ទ្រាយបច្ចេកទេសស្ថិតចំណុចផ្លូវជាតលេខ៣៣ដូចភ្លៀងរលឹម។
បើយោងតាមរបាយការណ៍របស់ក្រុមការងារជំនាញខាងលើបានឲ្យដឹងថា ការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស ឬយានយន្តកែច្នៃទ្រង់ទ្រាយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដែលមានចំនួន១៨គ្រឿង ដោយការងារនេះ ត្រូវបានជំនាញអនុវត្តជាប់ជាប្រចាំ ក្នុងគោលបំណងត្រួតពិនិត្យលក្ខណៈ នឹង ទ្រង់ទ្រាយរបស់យានយន្តគ្រប់ប្រភេទដែលធ្វើចរាចរនៅលើដងវិថីនានា ដូចជារថយន្តខ្នាតធំទ្រុងវែងឬខ្ពស់ និងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាដើម។ហើយការត្រួតពិនិត្យនេះ បើមានយានយន្តណាកែច្នៃខុសទ្រង់ទ្រាយក្រុមការងារនឹងចាត់វិធានការភ្លាមៗ ប៉ុន្តែយានយន្តណាមានលក្ខណៈត្រឹមត្រូវនឹងត្រូវអនុញ្ញាតឲ្យបន្តដំណើរទៅមុខបន្តទៀត។
ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស បានឲ្យដឹងទៀតថា នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៨នេះ ក្រុមការងារក៏បានធ្វើការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនចំនួន១៨គ្រឿង ប៉ុន្តែរថយន្តទាំងអស់ខាងលើក្រោយពីបានពិនិត្យ គឺមានលក្ខណៈត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសទាំងអស់ ទើបក្រុមការងារជំនាញអនុញ្ញាតឲ្យវិលទៅកាន់គោលដៅរបស់ខ្លួន។
សូមជម្រាបថា បច្ចុប្បន្នក្រុមការងារផ្នែកជំនាញ បាននិងកំពុងបន្តសកម្មភាពត្រួត ពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេក ទេស នៅតាមដងផ្លូវ ជាប់ជាប្រចាំដូចភ្លៀង រលឹមតាមគោលការណ៍ដ៏ចម្បងរបស់រដ្ឋបាលខេត្តកែប៕