មានៈ ( វីដេអូ )នេះជាលើកដំបូងហើយ.!ដែលបានឃើញមានទឹកសមុទ្រ មានការហក់ឡើង នៃកំពស់ទឹកខ្ពស់បែបនេះ ដែលមិនធ្លាប់មានពីមុនមក.!!!
ខេត្តកោះកុង៖ ទឹកសមុទ្របានហក់ឡើងខ្ពស់ហួសពីការស្មាន លាយឡំទៅដោយខ្យល់បក់បោកខ្លាំង បង្ករអោយមានទឹករលកធំៗ វាយប្រហារទៅលើលំនៅដ្ឋាន និងតូបលក់ដូររបស់អាជីវករ ជាច្រើនកន្លែង បណ្តាលអោយមានការខូចខាត មួយចំនួនធំផងដែល ដែលហេតុការនេះបានកើតឡើង នៅចំនុចឆ្នេរប៉ាក់ខ្លង នៃស្រុកមណ្ធលសីមា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នេះ។
បើតាមការលើកឡើងពីក្រុមអាជីវករ ដែលលក់ដូរ នៅតំបន់ខាងលើនោះ បានរៀបរាប់ថា ៖ នេះជាលើកទី១ហើយ ដែលបានឃើញមានទឹកសមុទ្រ មានការហក់ឡើង នៃកំពស់ទឹកខ្ពស់បែបនេះ ហើយពួកគាត់កំពុងតែមានការព្រួយបារម្ភថា៖ បើសិនជាទឹកសមុទ្រ និងរលកអាចកើតមានខ្លាំងជាងនេះ វាពិតជាអាចបង្កអោយមានគ្រោះថ្នាក់ និងផលប៉ះពាល់ជាក់ជាមិនខាន ។
ប្រភពខាងលើបានបន្តថា៖ ពេលនេះពួកគាត់កំពុងដឹកជញ្ជូនសម្ភារៈមួយចំនួនយកទៅកាន់ទីទួលមានសុវត្តិភាព ដើម្បីបញ្ចៀសនៅ ឧបត្តិហេតុ ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។
លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសី មាបានប្រាប់ចំពោះមុខថា៖ លោកត្រូវបញ្ឈប់រថយន្តដឹកដី និងរថយន្តដឹកទំនិញ ធុនធំ ជាបណ្តោះអាសន្នសិន រង់ចាំទឹកស្រកដូចដើម ទើបអាចបើកអោយធ្វើចរាចរណ៍ជាធម្មតាវិញ លោកបានបន្តទៀយថា៖ ចំពោះបញ្ហាទឹកឡើងនេះ គឺវាបានកើតឡើងជារៀងរាល់ឆ្នាំ តែដោយឡែកឆ្នាំនេះ គឺថា៖ស្ថានភាពទឹកឡើងខ្ពស់ ហួសពីការរំពឹងទុក ហើយនេះក៏ប្រហែលជាអាចបណ្តាលមកពីចំហាយព្យុះ ដែលឆ្លងកាត់ពីប្រទេសថៃនោះ តែទោះជាយ៉ាងណាក្តី មកទល់និងពេលនេះឃើញថា ពុំមានពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតដោយសារហេតុការនេះទេ ដោយគ្រាន់តែមានពលរដ្ឋខ្លះ បានរងផលប៉ះពាល់ដល់លំនៅដ្ឋានពួកគាត់បន្តិចបន្ទួចប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ក៏បានអំពាវនាវដល់បងប្អូនដែលរស់នៅតំបន់ជាប់មាត់សមុទ្រនោះ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីជៀសវាងនូវឧបត្តិហេតុដែលអាចនិងកើតមានដោយចៃដន្យ ។
គូររំលឹកថា៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស ពីឥទ្ធិពលរបស់ព្យុះ ប៉ាប៊ុក (PABUK) ដោយព្យុះនេះ បាននិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TI PABUK ) រួចបន្តដំណើរទៅកាន់ ភាគខាងត្បូងប្រទេសថៃ ដែលលក្ខណៈនេះ អាចធ្វើអោយខេត្តមួយចំនួន មានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។
ជាមួយគ្នានេះដែរក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវ អោយបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក ពិសេសពលរដ្ឋដែលរស់នៅតាមបណ្តាកោះនានា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតព្យុះ ដែលអាចបង្ករអោយ កើតមានភ្លៀង លាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកទឹកសមុទ្រខ្ពស់ ៕
ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍