សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា មិនអាចថារដ្ឋមន្ត្រីណា បញ្ជាអោយចាហ្វាវខេត្ត កាត់ដីត្រង់ណេះ ត្រង់ណោះ របស់រដ្ឋ អោយទៅបុក្គលណាម្នាក់ទេ អត់មានសិទ្ធិទេ.!!!
ខេត្តឧត្ដរមានជ័យ ៖ ដីព្រៃឈើរបស់រដ្ឋគ្របដណ្ដប់ដោយព្រៃឈើស្រោង រាប់រយហិចតា នៅតាមបណ្ដោយជួរភ្នំដងរែក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កំពុងត្រូវបានបំផ្លាញដោយគ្រឿងចក្រអេស្កាទ័រ របស់លោក ទេព ឃុនណាល់ ដាក់ចូលឈូសឆាយកាយរុករាន ទន្ទា្រនយកដីនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ បានអោយដឹង នៅព្រឹកថ្ងៃ០៨ ខែមករា ឆ្នាំ២០២១នេះថា សកម្មភាពគ្រឿងចក្រអេស្កាទ័រ លោក ទេព ឃុនណាល់ បានកំពុងកាយព្រៃច្រើនខែមកហើយ រហូតមកដល់ថ្ងៃ០៨ ខែមករា ឆ្នាំ២០២១នេះ តែមិនដែលឃើញមានសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធណាម្នាក់ ខ្វាយខ្វល់ពីការបាត់បង់ ការផ្លិចបំផ្លាញធនធានធម្មជាតិ ជាសម្បត្តិរដ្ឋ រាប់រយហិចតានោះឡើយ។
សេចក្ដីរាយការណ៍ បានបន្តថា ដីព្រៃឈើរបស់រដ្ឋខាងលើ ត្រូវបានក្រុមអ្នកមានអំណាចមួយក្ដាប់តូច ឃុបឃិតគ្នា ឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ ចែកគ្នា ចំនួន ៥០០ ហិចតា ឬអាចលើសពីនេះទៀត។
លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានអោយដឹងថា ដីខាងលេី ជាដីរបស់លោក ទេព ឃុនណាល់ ដែលបានស្នើសុំវិយោគដីសម្បទានសេដ្ឋកិច្ច ចំនួន ១៥០០ ហិចតា ប៉ុន្តែដោយសារមិនបានធ្វើការអភិវឌ្ឍន៍ ក៏បានប្រគល់ជូនរដ្ឋវិញ ចំនួន ១០០០ ហិចតា ដោយឡែកដី ៥០០ ហិចតា កំពុងធ្វើការឈូសឆាយ គឺខាងខេត្តប្រគល់អោយ ដោយសារលោក ទេព ឃុនណាល់ គាត់មានឯកសារលក់ទិញពីប្រជាពលរដ្ឋ។
ចំណែកលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តឧត្ដរមានជ័យ ក៏បានលើកឡើងដូចលោកអភិបាលស្រុកផងដែរ តែលោកបានបញ្ជាក់ថា ចំពោះច្បាប់ឈូសឆាយ លោកមិនបានដឹងទេ។
បើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កន្លងទៅថ្មីនេះថា៖ មិនអាចថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាអោយចាហ្វាវខេត្ត កាត់ដីត្រង់ណេះត្រង់នោះ របស់រដ្ឋ អត់មានសិទ្ធិទេ ហើយជឿថារដ្ឋមន្ត្រីផ្សេងទៀតក៏គ្មានសិទ្ធិដែរ។ តើលោក ទេព ឃុនណាល់ ជានរណា? ហើយមានអំណាចបុណ្យសក្តិធំប៉ុណ្ណា? ទើបគាត់ហ៊ានបង្ខាំងដីព្រៃរបស់រដ្ឋ ជួរភ្នំដងរែក ចំនួន ៥០០ ហិចតា ថាមានឯកសារលក់ទិញពីប្រជាពលរដ្ឋ ឬគ្រាន់តែជាលេស ដើម្បីឃុបឃិតគ្នាជាមួយអ្នកមានអំណាចមួយក្តាប់តូចក្នុងស្រុក យកដីនោះ ចែកគ្នា ហើយថាដីព្រៃនោះមានលិខិតទិញលក់ពីប្រជាពលរដ្ឋទៅវិញ,,,.៕
ដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍