អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ បានយាងដង្ហែអង្គកឋិនទានទៅកាន់វត្តពោធិ៍រៀង ខេត្តបន្ទាយមានជ័យ...
នៅព្រឹកកថ្ងៃពុធ ០៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ អមដំណើរដោយឯកឧត្តមបណ្ឌិត ប៉ោយឈិនឡុង ឯកឧត្ដម លី រដ្ឋា ឯកឧត្ដម ស៊ុង ប៊ុនថុង ឯកឧត្ដម សាប់ តារា ឯកឧត្ដម ជួប រ៉ាឌូ ឯកឧត្ដម ឃ្លៃឃ្លី ឯកឧត្ដម តាន់ វណ្ណនី ឯកឧត្ដម ចួន ចេង ព្រមទាំងសហការីបានយាង និងអញ្ជើញដង្ហែអង្គកឋិនទានទៅកាន់វត្តពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ ព្រះអនុគណ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ អជ្ញាធរមូលដ្ឋាន និង ប្រជាពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីបានរួមគ្នាទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម ព្រះចៅអធិការ បានប្រទាននូវព្រះឱវាទដល់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទអោយចូលរួមជួយជ្រំជ្រេង តម្កើង ដើរតាមលំអានព្រះពុទ្ធសាសនា ដើម្បីបានជាប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើន ដល់ខ្លួនយើងផង ដល់សង្គមជាតិផង និងកូនចៅខ្មែរ តទៅអនាគត។
នាឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីគ្នាធ្វើបុណ្យកឋិនទាន ជាពិសេស អ្នកអង្គម្ចាស់ សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងពន់ពេកចំពោះទឹកព្រះទ័យដ៏បវរថ្លៃថ្លារបស់ព្រះមេគណខេត្ត និង ព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយបានថ្វាយប្រគេនគ្រឿងបរិក្ខាកឋិនទាន និងចតុបច្ច័យមួយចំនួនដល់ព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សារ នៅវត្តអារាមនោះផងដែរ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និង សហការី បាននាំយកនូវព្រះអំណោយដ៏ថ្លៃថ្លា ចែកជូនដល់ លោកយាយ លោកតា ចាស់ជរា ៥០ នាក់ ក្នុងម្នាក់ៗទទួលបានថ្នាំពេទ្យមួយកញ្ចប់ និង ថវិកា រមួយចំនួន។
តាងនាម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ជាពុទ្ធសាសនូបត្ថម្ភក៍ មួយរូប សូមឧទ្ទិសមហាបុណ្យកុសលថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច
ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្សគ្រប់ព្រះអង្គ សូមព្រះរាជវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់ស្ថានសួគ៌សោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខ
សេចក្តីចម្រើនរុងរឿង រួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាទាំងពួងសូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការកើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធបរិស័ទទាំងអស់ សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញ ទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះ អោយបាន រុងរឿង ឋិតថេរចេកាល ជានិច្ចនិរន្តរន៍តរៀងទៅ៕