ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានបើកវគ្គសិក្ខាសាលាស្តីពី “របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឯកឧត្តម ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ និងលោក យី សេងខាន់ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថា វគ្គសិក្ខាសាលានេះ វាគ្មិន នឹងចែករំលែកបទពិសោធទៅលើប្រធានបទសំខាន់ ចំនួន ៣ រួមមាន៖ ទី១. របៀបសរសេរព័ត៌មាន ដោយផ្តោតទៅលើការសរសេរព័ត៌មានតាមប្រភេទព័ត៌មាននីមួយៗ ការសរសេរព័ត៌មានបែបចាប់ជ្រុង ការសរសេរ ឬអត្ថាធិប្បាយព័ត៌មានបញ្ជៀសពីបញ្ហាផ្លូវច្បាប់នានា ការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ការគោរពអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងការផ្សព្វផ្សាយពីធម្មនុញវិជ្ជាជីវៈសារព័ត៌មាន ទី២. របៀបកាន់កម្មវិធី ដោយផ្តោតទៅលើតួនាទីរបស់អ្នកកាន់កម្មវិធី ការត្រៀមខ្លួនមុន ការអនុវត្តក្នុងពេលដំណើរការពិធី និងការកែលម្អចំណុចខ្វះខាតក្រោយពិធី ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងទី៣. របៀបថតរូប ដោយផ្តោតទៅលើតួនាទី និងព្រំដែនកំណត់របស់អ្នកថតរូប ការចាប់ប្លង់ថត ចំណុចដែលគួរថត និងចំណុចដែលមិនគួរថត។ល។ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ដែរថា គោលបំណងនៃសិក្ខាសាលានេះ គឺចង់ឱ្យសិក្ខាកាមទាំងអស់ បានយល់ដឹងអំពីរបៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងអំពីរបៀបថតរូប ជំរុញឱ្យសិក្ខាកាម យល់ដឹងនិងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន យល់ដឹងនិងគោរពច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា យល់ដឹងនិងអនុវត្តតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពិសេសដើម្បីឱ្យសិក្ខាកាម យល់ដឹងនិងបញ្ជៀសពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងការប្រឈមទៅនឹងបញ្ហាផ្លូវច្បាប់នានា។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក្នុងនាមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមានអង្គភាពសារព័ត៌មានជាច្រើនជាសមាជិក បានថ្លែងផ្តាំផ្ញើទៅបងប្អូនអ្នកសារព័ត៌មានថា “អ្នកសារព័ត៌មាន គួរកសាងភាពល្បីរបស់ខ្លួន តាមរយៈការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សរសេរ ឬអត្ថាធិប្បាយតែព័ត៌មានដែលពិត និងមានប្រភពច្បាស់លាស់។ លើសពីនេះ អ្នកសារព័ត៌មាន ត្រូវគោរពឱ្យបាននូវច្បាប់ស្តីពីរបបសារព័ត៌មាន និងត្រូវបញ្ជៀសពីបញ្ហាផ្លូវច្បាប់នានាដែលនាំខ្លួនមានទោសទណ្ឌ ប្រសើរជាងកសាងភាពល្បី តាមរយៈការសរសេរ ឬអត្ថាធិប្បាយព័ត៌មានមិនពិត ព័ត៌មានគ្មានប្រភពច្បាស់លាស់ ព័ត៌មានបែបរិះគន់វាយប្រហារបុគ្គល ឬស្ថាប័ន ដើម្បីទទួលបានអ្នកចូលមើលច្រើន គេស្គាល់ច្រើនល្បី”។ សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះ រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង សហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងសារព័ត៌មានត្រយង ដែលមានសិក្ខាកាម និមន្តនិងអញ្ជើញចូលរួមចំនួន ៥៥០អង្គ/នាក់ ផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយឯកឧត្តម ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ។ សូមបញ្ជាក់ដែរថា វគ្គសិក្ខាសាលានេះ ធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត លោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មានត្រយង លោក សំ នឿន អគ្គនាយករងសារព័ត៌មានត្រយង និងលោក ខាន់ ស៊ីដេត អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀន ក្បែរបឋមសិក្សាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្តខ្ពស់! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)
អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា! (ប៉ោយប៉ែតប៉ុស្តិ៍)
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បើកវគ្គសិក្ខាសាលាលើប្រធានបទសំខាន់ ចំនួន ៣ នៅខេត្តបាត់ដំបង (ប៉ោយប៉ែតប៉ុស្តិ៍)
លោក ឃូ ពៅ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា