អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជន សង្ស័យ០១នាក់ ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស...
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣៧នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ សេង ពិសី នឹងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ វ៉ាន់ រំដួល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ តាមការបំភ្លឺរបស់ជនរងគ្រោះបានអោយដឹងថា ៖ នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង០៩និង ០០នាទី ជនសង្ស័យបានប្រើហឹង្សាមកលើប្អូនប្រុសរបស់ខ្លួន បន្ទាប់មកជនសង្ស័យបានមកវ៉ៃខ្លួនទៀត ហើយខ្លួនក៏បានវ៉ៃជនសង្ស័យវិញ ពេលនោះជនសង្ស័យក៏បានរត់ចេញពីកន្លែងកើតហេតុ ខ្លួននិងប្អូនប្រុសក៏បានជិះម៉ូតូចេញ ស្រាប់តែជនសង្ស័យរត់មកស្ទាក់ពីមុខម៉ូតូរបស់ខ្លួន ដោយដៃរបស់ជនសង្ស័យមានកាន់កាំបិតតាំងតោ ហើយបានកាប់មកលើខ្លួនបណ្តាលអោយរងរបួសជាច្រើនកន្លែងរួមមាន៖ រងរបួសត្រង់ចំណុចពីលើក្បាល ប្រវែង១២ស.ម របួសចំហៀងក្បាលលើស្លឹកត្រចៀកខាងឆ្វេងប្រវែង១០ស.ម របួសត្រង់ស្មារខាងឆ្វេង ប្រវែង ១០ស.ម របួសត្រង់ដើមទ្រូងខាងស្តាំ ប្រវែង ២០ស.ម របួសត្រង់ប្រអប់ដៃខាងឆ្វេង ប្រវែង ១០ស.ម របួសត្រង់បបូរមាត់ ប្រវែង ៥ស.ម និងបាក់ធ្មេញចំនួន ០២។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្ត ដើម្បីចាត់ការបន្ត។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានប្រើហឹង្សា កាប់ទៅលើជនរងគ្រោះដោយប្រើកាំបិតតាំងតោ ពិតប្រាកដមែន។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕ រាយការណ៍ដោយៈ លោក វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.con