លោកអភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីឆ្លើយតបតាមសំណើរបស់ ប្រជាពលរដ្ឋ សុំអន្តរាគមន៍ សម្របសម្រួលបើកដំណើរការផ្លូវថ្នល់០១ខ្សែ..
ខេត្តកំពត៖ ដើម្បីឆ្លើយតបទៅនិងសំណើរសំណូមពរ របស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ។ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង និងបានសម្របសម្រួលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ ដើម្បីស្វែងរកដំណោះស្រាយ ឈ្នះ ឈ្នះមួយ ដាក់ជូន ដល់ភាគីទាំងពីរ អោយមានដំណោះស្រាយមួយដ៏សមស្រប តបតាមក្នុងលិខិតស្នើសុំរបស់ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយក្រុងកំពត ពីបញ្ហាការបើកផ្លូវថ្មី សាងសង់ពីបេតុងមួយខ្សែ ចាប់ពីចំណុច ផ្លូវបេតុងត្រពាំងព្រលិត ដល់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ដែលជាផ្លូវគម្រោងរបស់សង្កាត់កំពង់បាយដែលមានការរាំងស្ទះ នៃដំណើរការកសាង តាំងពីឆ្នាំ១៩៩១កន្លងមកហើយនោះ។
ជាមួយគ្នានេះ មហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងក្រុងកំពត ទាំងមូលពិតជាសំដែងក្តីរីករាយ និងមានជំនឿជឿជាក់លើដំណោះស្រាយរបស់រដ្ឋបាលខេត្តកំពត ពិសេសមានទំនុកចិត្តលើលោកអភិបាលខេត្ត ដែលជានិច្ចកាលតែងតែពុះពារក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា បានទទួលផលវិជ្ជមាននាពេលកន្លងមក។ ដូច្នេះចំពោះគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែខាងលើ ដែលបាននិងកំពុងជាប់គាំងអូសបន្លាយជាង២០ឆ្នាំមកហើយនោះ មហាជនជឿជាក់ថា លោកអភិបាលខេត្តកំពតនឹងរកគន្លឹះដោះស្រាយទទួលបានជោគជ័យនាពេលឆាប់ៗនេះមិនខាន៕
ដោយៈ សេង រត្ន័ និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com