រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ«យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍ឆ្នាំ២០២៥»
ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានប្រារព្ធទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ថ្ងៃទី០១ធ្នូ ក្រោមអធិបតីភាពលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាង លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន, លោកវេជ្ជៈបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ ដោយមានការអញ្ចើញចូលរួមពីលោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ,លោក លោកស្រីតំណាងអង្គភាពមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ,ប្រជាពលរដ្ឋ ,មន្ត្រីអង្គការក្រៅរដ្ឋាភិបាលសរុបជាង២០០នាក់់ ក្នុងនោះ ក៏មានអ្នករស់នៅជាមួយជំងឺអេដស៍ចូលរួមផងដែរ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់តំណាងអ្នករស់នៅជាមួយមេរោគអេដស៍ និងតំណាងក្រុមបុរសស្រលាញ់បុរស ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល រួចមក លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអានសន្ទរកថាឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី តំណាងដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើការផ្តាំផ្ញើ ដល់សមាជិកក្នុងអង្គពិធីថា កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយសារតែការស្រឡាញ់ មួយពេលខ្លី អូសទាញបណ្ដាលឲ្យឆ្លងមេរោគអេដស៍ រីឯយុវជនត្រូវតមនិងការរួមភេទ, មិនត្រូវភ្លើតភ្លើនការសប្បាយផ្លូវភេទ និងភ្លើតភ្លើនចំពោះគ្រឿងញៀនឡើយ ។
ដោយឡែកមនុស្សពេញវ័យ ត្រូវស្មោះប្តី១ ប្រពន្ធ១, មិនត្រូវមានដៃគូស្នេហាច្រើន, ត្រូវប្រើស្រោមអនាម័យជានិច្ច បើមានដៃគូស្នេហាក្រៅពីប្រពន្ធរបស់ខ្លួន ផងដែរ ។
ថ្លែងក្នុងពិធីនេះដែរលោកវេជ្ជៈបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ មានប្រសាសន៍ថា៖ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ តែងតែរៀបចំប្រារព្ធពិធីនេះឡើង ក្នុងគោលបំណង ដាស់តឿនក្រើន រំឭក ដល់យុវវ័យ កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយសារតែការស្រឡាញ់ មួយពេលខ្លី អូសទាញបណ្ដាលអោយឆ្លងមេរោគអេដស៍ តាមរយៈការផ្សព្វផ្សាយនៅថ្ងៃនេះ យុវវ័យនឹងបន្តចូលរួម ជួយផ្សព្វផ្សាយបន្ថែមទៀត ឲ្យកាន់តែទូលំទូលាយជាងនេះ ដើម្បីឲ្យយុវវ័យមានការយល់ដឹង និងការតាំងចិត្តកាន់តែរឹងមាំ។
លោកក៏សូមធ្វើការអំពាវនាវ ដល់យុវវ័យរបស់យើង និងសូមឲ្យប្អូនៗទាំងអស់គ្នា មានការប្រុងប្រយ័ត្ន ព្រោះយើងដឹងហើយថា ជំងឺអេដស៍នៅតែបន្តចម្លង ដោយស្ងៀមស្ងាត់ ខណៈដែលអ្នកមានផ្ទុក និងអ្នកជំងឺអេដស៍ មិនអាចមើលនឹងភ្នែកទទេបានទេ ហើយបើដឹងថា ខ្លួនឯងមិនទាន់ប្រឈមទេ សូមកុំប្រព្រឹត្តិ ប៉ុន្តែបើដឹងថា ខ្លួនប្រឈមនឹងការឆ្លងហើយ សូមមកធ្វើតេស្ដឈាមជាបន្ទាន់ ដើម្បីទទួលបានថ្នាំដោយឥតគិតថ្លៃ និងថែទាំសុខភាព តាមការណែនាំ របស់គ្រូពេទ្យ ។លោកក៍បានបញ្ជាក់ដែរថា៖ ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តក្នុងការសំរេចគោលដៅ ៩៥- ៩៥- ៩៥ នៅត្រឹមឆ្នាំ ២០២៥ ពិតមែន តែជិតដល់ទីដៅក្តី តែចំងាយផ្លូវចុងក្រោយច្រើនតែពិបាកបំផុត ដូច្នោះយើងត្រូវចូលរួមគ្នា ក្នុងការ ប្រយុទ្ធ ប្រឆាំងមេរោគអេដស៍ផងដែរ ។ជាចុងបញ្ជាក់ក៍ មានការចែក អំណោយដល់ អ្នករស់នៅជា មួយមេរោគអេដស៍ និងជំងឺអេដស៍ផងដែរ ។
សូមបញ្ជាក់ថា៖ យោងតាមតាមរបាយការណ៍ ដែលអានដោយលោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ការធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយស្មគ្រ័ចិត្ត និងរក្សាការសំងាត់ ដោយជួសឈាមចុងម្រាមដៃ បានបង្ហាញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៨ នេះ អ្នកធ្វើតេស្តឈាមចុងម្រាមដៃចំនួន ៣៣៤៤នាក់ មានផ្ទុកមេរោគអេដស៍ចំនួន២០នាក់ គិតជាភាគរយស្មើរនិង០,៦% ដែលនេះជាសារមួយបញ្ជាក់ថាខេត្តប៉ៃលិន នៅមានការប្រឈមមុខខ្ពស់ ចំពោះមេរោគអេដស៍-ជំងឺអេដស៍ផងដែរ ៕
ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com