ខឹងប្រពន្ធដើរផឹកស្រា មិនព្រមដាំបាយធ្វើម្ហូបចាំ លុះត្រឡប់មកពីធ្វើការវិញ វាយប្រពន្ធរងរបួសជាដំណំ..!!!
ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់ដែលជាប្រពន្ធចុងរងរបួសពកថ្ងាស និងជាំពេញខ្លួន ដោយសារតែប្តី និងកូនចុងព្រួតគ្នាវាយ ខណ:មកពីធ្វើការវិញអត់ឃើញដាំបាយធ្វើម្ហូបចាំ បែរជាដើរផឹកស្រានៅតាម ភូមិតាំងពីថ្ងៃរហូតដល់ល្ងាច លុះទ្រាំមិនបានក៏នាំគ្នាវាយរងរបួស ត្រូវបានស្រ្តីជាប្រពន្ធចុងដាក់ពាក្យបណ្តឹងឱ្យចាប់ឃាត់ខ្លួនតែម្តង ។
ហេតុការណ៍ស្រ្តីម្នាក់ត្រូវប្តី និងកូនចុងវាយរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លុះថ្ងៃបន្ទាប់ស្រ្តីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានគរបាល ស្រុកសាលាក្រៅ កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។
លោក រី ដារ៉ា អធិការរងស្រុកសាលាក្រៅ បានឱ្យដឹងថា៖ ជនរងគ្រោះមាន ឈ្មោះ ជន ភៀង ភេទស្រី អាយុ៤៥ឆ្នាំ ជាកសិករ ។ ចំណែកជនសង្ស័យមានគ្នា២ នាក់ជាឪពុក និង កូន (ត្រូវជាប្តី និងកូនចុងរបស់ស្រ្តីរងគ្រោះ) ទី១-ឈ្មោះ ភឿក សុន ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្ដីចុង និងទី២- ឈ្មោះ សុន សរ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាកូនចុង ។ អ្នកទាំង៣នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យទាំងពីរបានយកខ្សែភ្លើង និងអង្រែបុកគ្រឿងមកវាយទៅលើជនរងគ្រោះបណ្ដាលអោយរបួសធ្ងន់ ។
លោក រី ដារ៉ា បានបន្តទៀតថា៖ ស្រ្តីរងគ្រោះខាងលើបានប្តីមុនអត់មានកូននោះទេ។ ដោយសារតែអត់កូន ក៏ត្រូវប្តីលែងចោល ហើយស្របពេលដែលបុរសខាងលើ ត្រូវប្រពន្ធស្លាប់ចោលជាយូរមកហើយ ស្នាក់នៅផ្ទះតែពីរនាក់កូនប្រុស ទើបហៅចាស់ទុំក្នុងភូមិឱ្យផ្សំផ្គុំសែនព្រេន១ព្រឹក ក្លាយទៅជាប្តីប្រពន្ធរួមរស់នៅជាមួយគ្នា ។
លោកបញ្ជាក់ទៀតថា៖ ជារៀងរាល់ថ្ងៃ ស្រ្តីខាងលើអត់សូវយកចិត្តទុកដាក់មើលផ្ទះសម្បែង ចង្ក្រានជើងឆ្នាំងនោះទេ ដោយគាត់ញៀននឹងស្រា ហើយក៏ដើរផឹកតាំងពីព្រឹករហូតដល់ពេលល្ងាច។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ឪពុកកូន ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធី៕
គ្រាន់រំលឹកផងដែរថា៖ ក្នុងក្រុមគ្រួសារមួយ បើមានប្តីឬប្រពន្ធញៀននឹងស្រា ឬល្បែងស៊ីសងហើយ ការរួមរស់នៅជាមួយគ្នាពិតជាមិនមានសុភមង្គលនោះទេ ពោលគឺតែងតែរកាំរកុសជានិច្ច ។ ដូច្នេះបើចង់ឱ្យក្រុមគ្រួសារមានសេចក្តីសុខសាន្តយូរអង្វែង មានតែលះបង់អំពើពាលាទាំងនោះចោល ហើយខិតខំប្រឹង ប្រែងធ្វើការងារ ដើម្បីអនាគតខ្លួនឯងនិងកូនចៅជំនាន់ក្រោយផងដែរ ៕