បុរសម្នាក់ជួញដូរគ្រឿងញៀន ត្រូវបានកងរាជអាវុធហេត្ថក្រុងប៉ោយប៉ែត ធ្វើការង្ក្រាប់...
ខេត្តបន្ទាយមានជ័យ៖
ក្រុងប៉ោយប៉ែតៈ ថ្ងៃសុក្រ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ២០នាទី កម្លាំងការិយាល័យ បទល្មើសគ្រឿង ញៀន សហការណ៍ជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងឃាត់ ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចរង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីបណ្តាញផ្តល់ព័ត៌មាន លោកបានធ្វើសេចក្តីរាយការណ៍ជូន លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ និងដោយទទួលបានការអនុញ្ញាតិ ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានដឹកនាំកម្លាំង និងសហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបករណីខាងលើ រហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០១នាក់ ឈ្មោះ អ៊ឹម ចយ (ហៅ ចិត្រ) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងបន្ទប់ជួល ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត។
រឹបអូសបានវត្ថុតាងរួមមានៈ
១-គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន២ថង់ធំ ស្មើ ៩៨៨.៦ក្រាម។
២-គ្រឿងញៀន មេតំហ្វេតាមីនគ្រាប់ចំនួន ៤.០៣៥ គ្រាប់។
៣-ទូរស័ព្ទដៃចំនួន០២គ្រឿង និងកាបូប ស្ពាយពណ៌ខ្មៅចំនួន០១ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា៖ ក្រោយពីធ្វើការសាកសួរ ជន សង្ស័យខាងលើ បានសារភាពថា៖ ខ្លួនជាកម្មករអូសរទេះ និងបានទទួលបញ្ញើរ ឥវ៉ាន់ពីបុរសម្នាក់ពីប្រទេសថៃ មិនស្គាល់អត្តសញ្ញាណ (ទំនាក់ទំនងតាមរយៈទូរស័ព្ទ) យកឆ្លងដែន ចូលមកប្រទេសកម្ពុជា លុះចូលមកដល់ចំណុចរង្វង់មូល ប៉ោយប៉ែត ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្ត លើសារធាតុញៀន អាចបញ្ជាក់ថា៖ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនពិតប្រាកត់មែន ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជា មួយវត្ថុតាង ទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕