ទោះជាមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃ នៅចំណុចផ្សារសាមគ្គីទីរួមខេត្តកំពត ពុំមានទឹកជន់ជោរទៀតទេ ប៉ុន្តែនៅបរិវេណបេនរថយន្តថ្មីទឹកលេចដូចបឹង...!!!
ខេត្តកំពត៖ ផ្សារសាមគ្គី ទីរួមខេត្តកំពត កន្លងមកឲ្យតែមានភ្លៀងធ្លាក់មិនបាច់យូរថ្ងៃទេ ភ្លៀងធ្លាក់តែមួយមេរាងធំបន្តិចក៏មានទឹកជំនន់ នៅលើផ្លូវជុំវិញផ្សារ ក៏ដូចជា ក្នុងផ្សារផងដែរ គឺទឹកលេចដូចក្នុងបឹង តែមកដល់ពេលនេះ ផ្សារសាមគ្គី ទីរួមខេត្តកំពត ទោះបីភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ប៉ុន្មានថ្ងៃនេះក៏ដោយ ឃើញថា៖ ផ្សារដែលធ្លាប់តែរងការលិចលង់នៅតាមបរិវេណនានា គឺពុំមានទឹកដក់ ឬជន់ លេចទៀតឡើយ គឺដោយសារតែលោក អភិបាលខេត្ត ដែលទើបនិងមកកាន់តំណែងគ្រប់គ្រងខេត្តកំពត ទើបតែបាន៧ខែជាងប៉ុណ្ណោះ លោកបានធ្វើការកែសម្រួលប្រព័ន្ធលូ នៅជុំវិញបរិវេណផ្សារ និងសាងសង់ជាថ្មី នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសការស្ថាបនាផ្លូវ ចាក់បេតុង ស្ថិតជុំវិញផ្សារទីរួមខេត្ត ទើបធ្វើឲ្យផ្សារដែលធ្លាប់តែរងការលេចលង់នាពេលកន្លងទៅ បានចៀសផុតពីការលេចលង់ ដោយជំនន់ទឹកភ្លៀងទៀតផង។
ប៉ុន្តែ ទោះបីជាការស្តារឡើងវិញ នៅហេដ្ឋារ ចនាសម្ព័ន្ធ នៅក្នុងក្រុងបានល្អគួរជាឲ្យចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងមហាជននៅទូទាំងក្រុងយ៉ាងនេះក្តី ក៏នៅតែមានប្រព័ន្ធលូមួយចំនួន តូចទៀតដែលរដ្ឋបាលខេត្ត មិនទាន់បានអនុវត្តរួចរាល់ ដូចជា នៅចំណុចផ្លូវសួនច្បារដើមពោធិ៍ ក្បែរបេនរថយន្តថ្មី ស្ថានីយ៍ប្រេងតូតាល់ និងក្នុងបរិវេណចំណតរថយន្តតែម្តង នៅមានការលេចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬ ជាមធ្យមម្តងៗ គឺនៅចំណុចខាងលើនេះ នៅតែមានការលេចលង់ គួរឲ្យចាប់អារម្មណ៍បំផុត គឺលិចដូចផ្ទៃបឹងទៅហើយ។
បើតាមប្រភពពីលោក លាង រឿនសុធី អភិបាលក្រុងកំពត បានប្រាប់ឲ្យដឹងថា៖ នៅរសៀលថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨ នេះ នៅចំណុចលេចលង់ខាងលើ ( បរិវេណផ្លូវសួនច្បារដើមពោធិ៍ និង បេនរថយន្តថ្មី) ខេត្តកំពត មានគម្រោងកាយដាក់ប្រព័ន្ធលូទំហំ២ម៉ែត្របួនជ្រុង ដើម្បីធានាការបង្ហូរទឹកតាមប្រព័ន្ធលូ កុំឲ្យមានការកកស្ទះបន្តទៅទៀត។ ជាមួយគ្នានេះដែរលោកអភិបាល ក្រុង និង ក្រុមការងារសាលាក្រុងកំពត ចុះស្តារប្រព័ន្ធលូ នៅផ្លូវលំមួយខ្សែ នៅក្នុងសង្កាត់ក្រាំងអំពិល ដើម្បីបញ្ជៀសទឹកជំនន់ ដោយគ្រោះជំនន់ទឹកភ្លៀង ដែលភ្លៀងកំពុងតែធ្លាក់ជាប់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕