ស្ត្រីម្នាក់ឈ្មោះ កោះ សុខ មកផ្តឹងអាជ្ញាធរ និងសមត្ថកិច្ច អោយជួយដោះស្រាយ ដែលអ្នក ភូមិកណ្តាលទួល អះអាងថា៖ គាត់ចេះអំពើអាប ធ្មប់...!!!
ខេត្តកំពត៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច នាំគ្នាចោទប្រកាន់ថា៖ ចេះធ្វើអំពើអាប ធ្មប់ និងចេះមន្តអាគមអូមអាម(ផ្លូវងងឹត) ដែលកន្លងមកតែងតែបង្កហេតុ ធ្វើអោយមនុស្សឈឺនិងស្លាប់ជាហូរហែរ លុះមានរឿងកើតឡើងផ្ទួនៗបែបនេះ ទើបប្រជាពលរដ្ឋក្នុងភូមិចេះតែនាំគ្នាសរសេបង្ហោះតាមFacebook ចោទប្រកាន់មកលើស្ត្រីម្នាក់នោះថា៖ជាអ្នកធ្វើអំពើ មកលើសាច់ញាតិរបស់ខ្លួន អោយឈឺរាំុរ៉ៃ មើលមិនជារហូតដល់មាន អ្នកខ្លះស្លាប់ជាបន្តបន្ទាប់ទៀតផង។
ប្រជាពលរដ្ឋ បាននាំគ្នាប្រតិកម្ម កើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅឯសាលាឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ ត្រាច ខេត្តកំពត ខណៈពេលពលរដ្ឋក្នុងភូមិដឹងថា៖ ស្ត្រីសង្ស័យចេះអាប ធ្មប់ នោះ!ធ្វើដំណើរមកកាន់ប៉ុស្តិ៍ប៉ូលិស ដោយមានការសួនាំពីសំណាក អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ ក្នុងភូមិកណ្តាលទួល ទាំងមូលបានអះអាងថា កន្លងមកអ្នកភូមិនេះ ឧស្សាហ៍មានអ្នកឈឺថ្កាត់ មានសភាពរាំុរ៉ៃ មើលមិនដែលជា ហើយអ្នកជំងឺទាំងនោះ ត្រូវបានស្លាប់ជាបន្តបន្ទាប់ ដោយករណីបែបនេះកើតឡើងជាយូរឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរ និង សមត្ថកិច្ចហាក់គ្មានចាប់អារម្មណ៍នោះទេ។
អ្នកភូមិខាងលើ បានរៀបរាប់ទៀតថា៖ កាលពីមុនគេធ្លាប់លេចឮថា៖ ដូនចាស់ត្រូវជាម្តាយរបស់ស្ត្រីនេះ បានរៀប អសនៈ មានរៀបបាយសី នៅក្នុងផ្ទះយ៉ាងធំ ហើយម្តាយរបស់ស្ត្រីនេះ ជាអ្នកចេះវិជ្ជា(ផ្លូវងងឹត) ដោយគាត់មុននឹងស្លាប់ទៅ ក៏បានផ្ទេរមន្តអាគមន៍នេះទៅអោយស្ត្រីឈ្មោះ កោះ សុខ បន្តរហូតដល់សព្វ ថ្ងៃ ទើបពួកគាត់មានការសង្ស័យថា៖ គាត់ពិតជាចេះវេទមន្ត(ផ្លូវងងឹតនេះ) អ្នកភូមិបានបញ្ជាក់ផងដែរថា៖ ក្រោយពីអ្នកភូមិមានការសង្ស័យ និង នាំគ្នាបង្ហោះFacebook ជាបន្តបន្ទាប់មក ស្ត្រីជាប់ពាក់ព៍ន្ធម្នាក់នេះ ក៌បានរុះរើអាសនៈ ចេញពីក្នុងផ្ទះអស់ ក្នុងគោលបំណងបំបាត់ដាន ហើយពួកគាត់សង្ស័យថា៖ ស្ត្រីម្នាក់នេះពិតជាបានប្រព្រឹត្តផ្លូវងងឹត ធ្វើអោយអ្នកភូមិស្លាប់ពីម្នាក់ ទៅម្នាក់យ៉ាងពិតប្រាកដ។
តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន ខាងលើបានអោយដឹងថា៖ ដើមចមដែលធ្វើអោយមានការចោទប្រកាន់បែបនេះ គឺមុនដំបូងកើតឡើងដោយសារស្ត្រីម្នាក់ ដែលអ្នកភូមិចោទប្រកាន់ថា៖ ចេះអំពើអាបធ្មប់ មានឈ្មោះ កោះ សុខ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានមកប្តឹងសមត្ថកិច្ចថា៖ មានប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិកណ្តាលទួល នាំគ្នាសរសេរសារបង្ហោះក្នុងFacebook ចោទប្រកាន់ថា៖ គាត់ចេះធ្វើអំពើផ្លូវងងឹតអោយគេឈឺ និង ស្លាប់ជាច្រើននាក់។ លុះប្រជាពលរដ្ឋដឹងថា៖ ស្ត្រីនេះមកប្តឹងសមត្ថកិច្ចដើម្បីទារសំណងពីអ្នកភូមិបែបនេះ ទើបពួក គាត់ បានលើកគ្នាមួយភូមិ ដែលមានគ្នាប្រមាណ២០០ នាក់មកផ្តិតមេដៃ នៅចំពោះ មុខអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន ដោយចោទប្រកាន់ស្ត្រីឈ្មោះ កោះ សុខ នេះពិតជាចេះអំពើអាប(ផ្លូវងងឹត)បណ្តាលអោយអ្នកភូមិឈឺរាំុរ៉ៃ និង ស្លាប់ជាបន្តបន្ទាប់មែន។
ក្រោយពីមានការសាកសួរពីសមត្ថកិច្ច ស្ត្រីខាងលើនេះ បាននិយាយថា៖ ខ្លួនមិនចេះធ្វើអំពើអាប-ធ្មប់ អ្វីឡើយ ហើយករណីចោទ ប្រកាន់បែបនេះ គាត់មិនអាចទទួលយកបានទេ ព្រោះគាត់ក៏ជាស្ត្រីដូចគេឯងធម្មតា ដែល មិនចេះអាប ធ្មប់ នោះទេ ដូចដែលប្រជាពលរដ្ឋចោតប្រកាននោះឡើយ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋស្ថិតក្នុងភូមិកណ្តាលទួល ទាំងមូល សុំអោយ អាជ្ញាធរ និងសមត្ថកិច្ច ជួយធ្វើជាសាក្សី និង ជួយជំរុញអោយស្ត្រី ឈ្មោះ កោះ សុខ ទៅធ្វើពិធីស្បថស្បែ និង ធ្វើសច្ចាប្រណិធាន នៅមុខព្រះពុទ្ធរូប ក្នុងវត្តដងទង់ដែលល្បីថាស័ក្តិសិទ្ធិបំផុត ហើយអ្នកភូមិកណ្តាលទួល ជាង២០០ នាក់ និង ស្រ្តីឈ្មោះ កោះ សុខ បានព្រម ព្រៀងគ្នា រៀបចំពិធី ស្បថស្បែនេះ នៅឯវត្តដងទង់ ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយនេះ។
ទាក់ទិននឹងអំពើផ្លូវងងឹត បែបជំនឿអរូបិយខាងលើនេះ មជ្ឈដ្ឋានមួយផ្នែកបានលើក ឡើងថា៖ ករណីមានជំងឺផ្សេងៗនៅតាមស្រុកស្រែ ចម្ការ ប្រជាពលរដ្ឋមួយភាគតូចតែងតែមានជំនឿលើបារមី ឬការបែរបន់ខ្មោចព្រាយ បិសាច ជួនកាលមានបញ្ជាន់អារក្ស និងការដង្វាយដោយភ្លេងពិណ្យពាធជាដើម។ ចំណែកអ្នករស់នៅតាមទីប្រជុំជននិង តាមរាជធានី ខេត្ត ភាគច្រើនជឿលើផ្នែកវេជ្ជសាស្ត្រ ហើយអ្នកជំងឺតែងតែពឹងផ្អែក លើគ្រូពេទ្យព្យាបាលជំងឺ ដោយគេមិនសូវជឿ មកលើ អបិយជំនឿ នោះទេ។ យ៉ាងណាមិញការជឿស៊ុប នូវជំនឿមហិទ្ធឫទ្ធិដូចខាងលើ បើរឿងនេះ មិនពិតប្រាកដវិញ អាចជាករណីលាបពណ៌រវាងគ្នា និង គ្នា ដែលធ្វើអោយមាន ការភាន់ច្រឡំ បង្កជាករណីគុំកួនគ្នាមិនចេះចប់មិនចេះហើយ៕