អាជ្ញាធរនឹងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានយក គ្រឿង ញៀនជាង៣០គីឡូគ្រាម ទៅដុតកម្ទេចចោល...!!!
ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនជាង៣០គីឡូគ្រាម រួមមានមេតំហ្វេតាមីន និងថ្នាំញៀនប្រភេទគ្រាប់ សរុបជាង៣០ គីឡូក្រាម ត្រូវបានរៀបចំដុតកម្ទេចចោល នៅព្រឹកថ្ងៃពុធ ៧រោច ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមាន នាយឧត្តម សេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែង ដែលធ្វើឡើងនៅមុខសាលាខេត្ត ដោយមានការចូលរួមពីមន្រ្តី ជំនាញកងកម្លាំង ប្រដាប់អាវុធ និង អាជ្ញាធរពាក់ព័ន្ធផងដែល។
នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា «ខេត្តស្ទឹងត្រែងមិនមែនជាខេត្តផលិតគ្រឿងញៀនទេ តែជាខេត្តមួយរងគ្រោះជាងគេ ដោយសាតែឧក្រិដ្ឋជន យកភូមិសាស្ត្រទឹកដីខេត្តនេះ នាំគ្រឿងញៀនឆ្លងកាត់តែប៉ុណ្ណោះ»។
លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ការជូញដូរ ការរក្សារទុក ការចែកចាយ ការប្រើប្រាស់ និងការធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ខេត្តស្ទឹងត្រែង នៅតែកើតមាននៅឡើយ។
លោកបន្ថែមថា ក្នុងរយៈពេលមួយឆ្នាំនេះ លេខាធិការដ្ឋានខេត្ត បានបង្កើតគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន នៅតាមឃុំសង្កាត់ដើម្បីបង្កើន កម្មវិធីផ្សព្វផ្សាយនឹងអប់រំឱ្យទៅជាពហុវិស័យបានគ្រប់ទីកន្លែង។
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ក៏បានលើកឡើងផងដែរថា «បញ្ហានេះយើងត្រូវបន្តរួមគ្នាយកវិធានផ្សព្វផ្សាយឲ្យបានស៊ីជម្រៅ ហើយយន្តការត្រួតពិនិត្យនៅថ្នាក់ឃុំសង្កាត់គណៈកម្មការសម្របសម្រួល ទាំងអាណាព្យាបាល ទាំងសហគមន៍ ត្រូវរួមគ្នាធ្វើជាពហុវិស័យបង្កើនការផ្សព្វផ្សាយ ប្រសើរជាងធ្វើការបង្ក្រាប»។
លោកបានបញ្ជាក់ថា៖ បញ្ហាគ្រឿងញៀនបានធ្វើឲ្យខូចអនាគតកូនចៅ និងបង្កឲ្យកើតមានភាពអសន្តិសុខ ក្នុងសង្គមហើយជនសង្ស័យលួចលាក់រក្សារទុក ជួញដូរ និងប្រើប្រាស់ យើងបង្ក្រាបបានគឺជាអ្នកចាញ់បោកតាមការញុះញុងរបស់មេក្លោងតែប៉ុណ្ណោះ ដូចនេះយន្តការអប់រំបានចេញពីសាលារៀននឹងមានប្រសិទ្ធភាពល្អ។
ជាមួយនេះដែរ តំណាងលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា៖ មន្តីអប់រំក៏បានបង្កើតឲ្យមានក្រុមផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ កាគ្រោះថ្នាក់ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅតាមគ្រឹះស្ថានសិក្សា ដែលបានអនុវត្តជាប្រចាំហើយការយល់ដឹងនេះ កន្លងមកបានធ្វើឱ្យយុវជនយើងមួយចំនួនកែប្រែខ្លួនជាគង្វើរមួយល្អបំផុត។
សូមបញ្ជាក់ថា៖ គ្រឿងញៀនដែលដុតកម្ទេចចោលនៅថ្ងែនេះ រួមមាន៖ មេតំហ្វេតាមីន (ម្សៅក្រាមពណ៌ស)ជាង៣១គីឡូក្រាម ប្រភេទប្រភេទ(ម៉ាទឹកកក២៩កញ្ជាប់តូច) និងប្រភេទគ្រាប់ជាង(១៩៣៣គ្រាប់) និងវត្ថុតាងផ្សេងៗជាច្រើនទៀត៕