ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
ខេត្តកែប៖ ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅឯសណ្ឋា រ៉ុករូយ៉ាល(ខេត្តកែប) ក្រោមអធិបតីភាព លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ងិន ងិនដា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលនៃគៈអភិបាលខេត្តកែប ព្រមទាំងមានការចូលរួមពីស្ដាប័ន អង្គភាពជំនាញចំនួន០៨ខេត្តមកចូលរួមផងដែរ។ ក្នុងឱកាសថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ លោក នុត ច័ន្ទសុខា បានគូសបញ្ជាក់ថា ដើម្បីលើកស្ទួយវិស័យកសិកម្ម រាជរដ្ឋាភិបាលបានបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិឧស្សាហកម្មដែលនឹងជួយបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម ក៏ដូចជាជួយបង្កើនចំណូលដល់ប្រជាកសិករ។ជាមួយនេះ រដ្ឋាភិបាលបានកំណត់យកផលិតផលកសិឧស្សាហកម្ម ដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក ជាអទិភាពមួយក្នុងវិស័យអភិភាពទាំង៥ នៅក្នុងគោនយោបាយអភិវឌ្យវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅសំខាន់ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។
លោកថា ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹងខ្ពស់ ទូលំទូលាយ មានសមត្ថភាពស្រាវជ្រាវ ច្នៃប្រឌិត និងមានជំនាញបច្ចេកទេសច្បាស់លាស់។ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលតាំងពីដើមរៀងមក ជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាវិស័យអទិភាព និងជាកូនសោរគន្លឹះដ៏សំខាន់សម្រាប់ការលើកកម្ពស់ផលិតភាពការងារ ដើម្បីធានាភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃសាកលវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាព័ត៌មានដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ។យ៉ាងណាមិញ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៏មាន បានកំណត់នូវវិស័យអទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ហើយបានកំណត់យ៉ាងច្បាស់នៅក្នុងចតុកោណទី១ គឺការអភិវឌ្ឍធនធានមនុស្ស រួមមាន៖ ទី១-ការពង្រឹងគុណភាពវិស័យអបរំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី២-ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ៣-ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ៤-ការពង្រឹងសមត្ថភាពយេនឌ៍រ និងការគាំពារសង្គម។ពិសេសការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ ញឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេសទាំងក្នុងពេលចំពោះមុខ និងទៅអនាគត។
សូមជម្រាបថា ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំនេះ ត្រូវបានរៀបចំឡើង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨៕