(សូមទស្សនាៈមានវីដេអូ) អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបទី៦៦ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៩)
រាជធានីភ្នំពេញ៖ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបទី៦៦ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៩) ថ្ងៃសៅរ៍ ១៣កើត ខែកក្តិត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
គួររំលឹកផងដែរថា៖ប្រវត្តិសង្ខេបនៃការទាមទារឯករាជ្យជាតិ អតីតព្រះមហាវីរក្សត្រសម្ដេចព្រះនរោត្តម សីហនុ។
ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមន៍ប្រទេសបារាំង ក្នុងឆ្នាំ១៨៦៣ រហូត ដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង បានផ្តល់ឯករាជ្យពេញលេញ ដល់ប្រទេសកម្ពុជា ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីព្រះករុណាព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ដោយបានតស៊ូជាច្រើនឆ្នាំ។
យោងតាមឯកសារប្រវត្តិសាស្ត្របានបង្ហាញថា ៖ សម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ១១ កើតខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។
ព្រះអង្គឡើងការគ្រងរាជ្យសម្បត្តិ លើកទី១៖ នៅខែមេសាា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និង ថ្វាយព្រះរាជឋានៈព្រះអង្គ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ បន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យ ពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតា នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥។
ការគ្រងរាជ្យសម្បត្តិលើកទី២ ៖ ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានថ្វាយព្រះបរមនាមថា ព្រះមហាវីរក្សត្រ។
ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីបារាំង ៖ ក្នុងឆ្នាំ១៩៤៧ ព្រះបរមរតនកោដ្ឋ ព្រះអង្គ មានមហាជោគជ័យក្នុងការទាមទារ ប្រទេសថៃ សង មកកម្ពុជាវិញជាដាច់ខាត់ នូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំង សកលលោកលើកទី២ ប្រទេសថៃ បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។
ក្នុងឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារអោយប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញា អាណាព្យាបាល ដែលបានចុះហត្ថលេខា នៅឆ្នាំ១៨៦៣ និង ឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ ដ៏ដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជាអាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ លុបចោលនូវ សន្ធិសញ្ញា អាណាព្យាបាលឆ្នាំ១៨៦៣ និង ឆ្នាំ១៨៨៤។
ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ច ទាមទារកេតនភណ្ឌឯករាជ្យ ១០០% ជូនជាតិមាតុភូមិ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ ដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ កម្ពុជាបានទទួលឯករាជ្យទាំងស្រុង ពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជា ទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ -ព្រះបិតាឯករាជ្យជាតិ”។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥២ សម្ដេចព្រះបាទ នរោត្តម សីហនុ ទ្រងទ្រង់បានថ្លែងជាឱឡារិកថា៖ ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៏ ជូនជាតិមាតុភូមិ អោយបានដាច់ខាត ក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការី ជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំង ក្នុងខែកុម្ភៈ ឆ្នាំ១៩៥៣។ នៅពេលនោះព្រះអង្គបានផ្ញើសារលិខិត ជូនលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ចំនួន៣លើក ៖
លើកទី១៖ ថ្ងៃទី៥ មីនា ឆ្នាំ១៩៥៣ ពពីទីក្រុងណាពូល។
លើកទី២៖ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល
លើកទី៣៖ ថ្ងៃទី៣ខែ មេសា ឆ្នាំ១៩៥៣ ពី ទីក្រុងផុងតែណឺប្លូ ដោយរដ្ឋាភិបាលបារាំង ពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យ យាងទៅធ្វើយុទ្ធនាការ ទាមទារឯករាជ្យ នៅក្នុងប្រទេស កាណាដា និង សហរដ្ឋអាមេរិក។
នៅប្រទេសកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ សម្ដេចព្រះនរោត្តម សីហនុ បានថ្លែងទៅអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់ លើបញ្ហាពីរ ទាក់ទងកម្ពុជា និង បារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន ៖ ទី១- គឺបញ្ហាប្រយុទ្ធប្រឆាំង នឹនឹងពួកកុម្មុយនីស្ត។ ចំណុចទី២- គឺបញ្ហាឯករាជ្យ បរិបូរណ៍ សម្រាប់កម្ពុជា។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា៖ ប្រជាពលរដ្ឋខ្មែរ ពុំត្រូវការរបបកុម្មុយនីសទេ ព្រោះថា ប្រជាពលរដ្ឋខ្មែរម្នាក់ៗ សុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះ គឺឯករាជ្យបរិបូរណ៍ សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនីស គេមើលឃើញថា ប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរ សម្រាប់ពួកគេ។
ដោយឡែក នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានសារព័ត៌មានដ៏ធំមួយ ឈ្មោះ New York Times ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ ដែលធ្វើអោយពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “… បើបារាំង មិនយល់ព្រម ប្រគល់ឯករាជ្យ អោយកម្ពុជាទេ នោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរ និងក្រោកឈរឡើង ប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនីស”។
សម្ដេចព្រះបរមរតនកោដ្ឋបានលើកឡើងថា៖ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា “ពួកបារាំងទាំងអស់ ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេ នឹងមកដល់ …”។ ដោយព្រះបញ្ញាញាណខាងលើនេះ បានធ្វើអោយមតិសកលលោក ពិសេសលោកខាងលិច តម្រូវអោយរដ្ឋាភិបាលបារាំង ព្រមចូលរួមធ្វើការចរចា ជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានដល់សព្វថ្ងៃនេះ៕
ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com