សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅខេត្តកំពត...
ខេត្តកំពត ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១១,៧៣៨ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីជួបសំណេះសំណាលនាព្រឹកនេះប្រារព្ធធ្វើឡើងនៅក្នុងរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ រោងចក្រទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ និយោជិត បានជួបសំណេះ សំណាលជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ មកពីខេត្តកំពតចំនួន១១ ក្នុងនោះក្រុងកំពតចំនួន២ មានកម្មករ និយោជិត ១,១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន ៤,៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករយាជិតចំនួន ២,៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន ៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករ និយោជិតចំនួន ១,៦២៩នាក់, កសិដ្ឋានចំការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន ៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩, ថៃចំនួន១ និងខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិដ្ឋានចំការចេកនាំចេញចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តដល់ កូន ក្មួយ កម្មករ កម្មការិនី ១១,៧៣៨ នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០៛ សរុបទឹកប្រាក់ចំនួន ២៣៤,៧៦០,០០០៛ ព្រមទាំងកូន ក្មួយកម្មការិនីមានផ្ទៃពោះ ៣៥៧ នាក់ បានទទួលថវិកាដោយឡែកផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រីផងដែល៕
ដោយៈ សេង រត្ន័ និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com