មានៈ (វីដេអូ) អគ្គិភ័យ លេបត្របាក់តូបលក់ឥវ៉ាន់១តូប ក្នុងចំណោម ៨៦០តូប នៅក្នុងផ្សារចំការគរ(ហៅផ្សារថ្មី) ក្រុងសិរីសោភ័ណ ខូចខាតទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង២ម៉ឺនដូល្លា...!!!
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនិងប្រជាពលរដ្ឋបានចេញអន្តរាគមន៍ ជួយសង្រ្គោះតូបលក់ឥវ៉ាន់ របស់អាជីវករ ៨៦០តូបនៅក្នុងផ្សារចំការគរ(ហៅផ្សារថ្មី) ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលទាំងយប់ទាបភ្លឺ កាលពីវេលាម៉ោង០៤និង៣០នាទី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ខណៈដែលម្ចាស់តូបចាក់សោចោល ទៅសម្រាកនៅឯផ្ទះខ្លួន។
រថយន្តបាញ់ទឹកពន្លត់អគ្គិភ័យប្រើប្រាស់រថយពន្លត់អស់៣គ្រឿង និងបំពង់ឧស័្មនពន្លត់អគ្គីភ័យជាច្រើនបំពង់ ខណៈដែលមានអគ្គិភ័យ ឆេះតូបលក់សម្ភារៈជ័រសម្រាប់ក្មេងលេង រូបដែលមានទំហំ៥ម៉ែត្រគុណ៥ម៉ែត្រ នៅក្នុងផ្សារចំការគរ (ហៅផ្សារថ្មី) ក្រុងសិរីសោភ័ណ
តូបលក់សម្ភារៈជ័រសម្រាប់ក្មេងលេងបានរង គ្រោះដោយ អគ្គិភ័យឆេះខាងលើ ខូចខាត ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង២ម៉ឺនដូល្លា។ ខណៈដែលអគ្គិភ័យកើតឡើង គេឃើញមានប្រជាពលរដ្ឋសហការជាមួយនិង កម្លាំងនគរបាលក្រុងសិរីសោភ័ណ កម្លាំងនគរបាលការិយាល័យជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុងសិរីសោភ័ណ ដឹកនាំបញ្ជាផ្ទាល់ ចុះទៅដល់កន្លែងកើតហេតុដោយស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមានវត្តមានលោកអធិការនគរបាលក្រុងសិរីសោភ័ណ លោកស្នងការរងទទួលផែនការងារបង្ការពន្លត់អគ្គិភ័យ និងអភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា ចំណាយពេលសង្រ្គោះ ប្រហែលជិត១ម៉ោងអស់ទឹកជាច្រើនរថយន្តទើប គ្រប់គ្រងស្ថានការណ៍ មិនឱ្យភ្លើងរាលដាល់បន្តឆាបឆេះតូបអាជីវករនៅក្នុងផ្សារនោះថែមទៀតឡើយ។
អធិការនគរបាលក្រុងសិរីសោភ័ណលោកវរសេនីយ៍ឯក ស៊ី ឌី បានប្រាប់ សារព័ត៌មានអោយដឹងថា៖ តូបលក់សម្ភារៈជ័រសម្រាប់ក្មេងលេង លេខ៥៣៧ ម្ចាស់ឈ្មោះ សំ ឌី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរងការឆាបឆេះតូបរបស់គាត់ ខូចខាតទាំងស្រុងសរុបជាទឹកប្រាក់ប្រមាណជាង២ម៉ឺនដូល្លា។
លោកអធិការប្រាប់ឱ្យដឹងទៀតថា៖ តាមការ សាកសួររបស់សមត្ថកិច្ច ចំពោះប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ គេឃើញមុនពេលកើតហេតុ ភ្លើងចាប់ផ្តើមឆេះចេញពីក្នុងតូបខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករដែលទៅរៀបចំបើកតូបលក់ឥវ៉ាន់ នៅក្បែរនោះ ខណៈដែលភ្លើងកំពុងឆេះតូបគឺមានប្រជាពលរដ្ឋបានយកបំពង់ឧស័្មនពន្លត់អគ្គិភ័យ ជាច្រើនបំពង់ នាំគ្នាមកបាញ់សង្រ្គោះបឋមទប់ស្កាត់ភ្លើងកុំឱ្យឆាបឆេះខ្លាំង។ ប៉ុន្តែមិនអាចទប់ស្កាត់បាននោះឡើយ ភ្លើងនៅតែបន្តឆេះ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ០១គ្រឿង បានចេញទៅជួយអន្តរាគមន៍ ទើបដោះស្រាយបញ្ហាអគ្គិភ័យនោះបាន។ អគ្គិភ័យឆេះតូបលក់សម្ភារៈជ័រក្មេងលេងតាមការសន្និដ្ឋានរបស់សមត្តកិច្ចថា៖ អាចបង្កឡើងដោយទុស្សេខ្សែភ្លើង។
លោកអធិការក្រុងសិរីសោភ័ណប្រាប់ឱ្យដឹងទៀតថា៖ ខណៈដែលមានអគ្គិភ័យកើតឡើង រថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅដល់ក្នុងផ្សារនោះបានឡើយ ដោយសារនៅក្នុងផ្សារមានភាពចង្អៀត បង្កការលំបាកនៃការសង្រ្គោះបន្ទាន់៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com