លោក ថៃ នរៈសត្យា អស់តំណែង ក្រោយបង្ហាញមុខភរិយាក្រោយ...
រាជធានីភ្នំពេញ ៖ បើតាមបណ្តាញព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានអោយដឹងថា៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក ថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សូមបញ្ជាក់ថា៖ កន្លងមកគេដឹងត្រឹមតែថា ចំណងស្នេហ៍រវាងលោក ថៃ នរៈសត្យា រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងម្ដាយបង្កើតរបស់ Freshie Boy លោកថៃ នរៈវិទូ ប្រេះឆាគ្នាប៉ុណ្ណោះ តែគេមិនដែលឃើញលោក ថៃ នរៈសត្យា ប្រកាសថា នារីណាម្នាក់គឺជាភរិយាថ្មីរបស់លោកនោះទេ បើទោះជាមានការអះអាងថា៖ លោកមានគ្រួសាេរថ្មីហើយ ក្រោយលែងលះជាមួយភរិយាដើម។ យ៉ាងណាមិញ កាលពីថ្ងៃទី១៥ មិថុនា គេឃើញលោកធ្វើពិធីសំពះផ្ទឹម អមដោយពិធីសម្ពោធវីឡា បង្ហាញថាមេម៉ាយស្រស់ស្អាតមួយរូប ដែលត្រូវគេស្គាល់ថាជាប្អូនជីដូនមួយបង្កើតរបស់ភរិយាដើម ដែលត្រូវជាមីងជីដូនមួយលោក ថៃ នរៈវិទូ ថាជាលោក ជំទាវថ្មី ខណៈដែលគ្រាន់ចប់ពិធីក៏មានការសរសើរគ្រប់ម៉ាត់ ថាភរិយារបស់លោក ក៏វ័យក្មេង ហើយស្រស់ស្អាតមិនធម្មតា។
អ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៑ុកឈ្មោះ Tep Sreythea បានប្រកាសក្នុងពិធីឡើងផ្ទះថា៖ លោកថៃ នរៈសត្យា គឺស្វាមីរបស់ខ្លួន ដោយអ្នកនាងបានទាំងប្រកាសអរគុណដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីសម្ពោធវីឡារបស់ខ្លួន ស្ថិតនៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងស្វាមី ដែលអ្នកនាងចង់សំដៅដល់ លោក ថៃ នរៈសត្យា។ក្នុងពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមប្រកាសអ្នកនាង ទេព សុធីតា ជាភរិយាផ្លូវការនោះ ក៍មានទាំងតារាល្បីៗ ដូចជានាយក្រឹម ចូលរួមច្រៀងរាំផង។ ម្នាក់ៗសរសើរថា លោក ថៃ នរៈសត្យា ពិតជាមានសំណាងមែនដែលបានភរិយាក្រោយវ័យក្មេង ហើយស្រស់ស្អាតផូរផង់។
យ៉ាងណាមិញ មានការទម្លាយថា៖ លោក និងភរិយាក្រោយដែលត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយភរិយាដើមរូបនេះ រួមរស់ជាមួយគ្នាច្រើនឆ្នាំមកហើយ បន្ទាប់ពីម៉េម៉ាយ និងពោះម៉ាយរៀងខ្លួន ដោយគ្រាន់តែកន្លងមកមិនការប្រកាសជាសាធារណៈពីចំណងស្នេហ៍។ មកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានកូនចៅជាចំណងស្នេហ៍នៅឡើយទេ ប៉ុន្តែជីវិតរស់នៅ ពរពេញដោយសុភមង្គលគួរអោយសរសើរ បើទោះជាលោក និងភារិយាក្រោយ មានអាយុខុសគ្នាជិត៤០ឆ្នាំ។
ភ្ញៀវកិត្តិយសចូលរួមពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមមិនខុសពីការរៀបការភរិយាក្រោយរបស់លោក សុទ្ធតែលាន់មាត់ថា ភរិយាក្រោយរបស់លោកស្រស់ស្អាត និងវ័យក្មេង ខណៈដែលគេដឹងថា លោក ថៃ នរៈសត្យា មានវ័យប្រមាណ៧០ឆ្នាំទៅហើយ នៅតែអាចរកឃើញភរិយាស្រស់ស្អាតវ័យ៣០ស្ដើងបាន ហើយមានសម្រស់មិនចាញ់តារា។
អ្នកនាង ទេព សុធីតា បានបង្ហោះរូបផ្អែមល្ហែមជាច្រើនសន្លឹក អមដោយការប្រកាសថា លោក ថៃ នរៈសត្យា គឺស្វាមី ដែលកាន់តែធ្វើអោយមហាជនលួចច្រណែនថា លោក ថៃ នរៈសត្យា ពិតជាសំណាងណាស់ ដែលវ័យជ្រេទៅហើយ តែបានភរិយាក្រោយវ័យស្មើនឹងកូន ធ្វើជាគូជីវិត៕
ដោយៈលោក សេង រត្ន័ និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com