សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារៈ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ (ហៅ ចំពុះក្អែក)
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសនៃថ្ងៃបុណ្យចូលព្រះវស្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារៈ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ (ហៅ ចំពុះក្អែក) ស្ថិតនៅ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងពិធីបុណ្យចូលព្រះវស្សាដែលជាប្រពៃណីទំនាមទំលាប់របស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជានេះដែល សារព័ត៌មាន ជាច្រើនស្ថាប័នរួមនិងសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ សង្កេតឃើញថា៖ បុណ្យចូល ព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃនិងសាមណេ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ជាពិសេសទៀនព្រះវស្សាយកទៅប្រគេនព្រះសង្ឃតាមលទ្ធភាព ដែលខ្លួនអាចធ្វើទៅបាន។
ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយ ឈប់សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណាមួយ ក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើក លែងតែ មានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល៧ថ្ងៃ។
ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ តែពិធីនេះត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួម ពីសំណាក់ បង ប្អូន និង ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនព្រះវស្សា សំពត់ ស្លាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មក សម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។
សូមបញ្ជាក់ថា៖ នៅក្នុងឱកាសបុណ្យចូលព្រះវស្សាឆ្នាំនេះ លោកមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅ ដែលរួមមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បង ប្អូនកូនចៅ របស់លោកមហាឧបាសិកា បានចាត់ចែងវេរទៀនព្រះវស្សាដល់វត្តនៅទូទាំង២៥ រាជធានី-ខេត្ត សរុប ចំនួនមាន១៣០គូ ដែលក្នុងវត្តនីមួយៗ មានទៀន១គូ,សម្ភារៈ បរិក្ខាជាច្រើនមុខ និងបច្ច័យ ក្នុងមួយវត្ត៥០ម៉ឺនរៀល។
ដោយឡែកសម្រាប់វត្តមុនីសុវណ្ណ ហៅចំពុះក្អែក នៅថ្ងៃនេះជាមួយនឹងទៀនព្រះវស្សា សម្ភារៈ បរិក្ខា២៤មុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំបច្ច័យយកប្រគេន សម្តេច និងព្រះសង្ឃដែលយាង និងនិមន្តចូលរួម ជាង២០០អង្គ និងបានប្រគេនបច្ច័យ សម្រាប់ការកសាងវត្ត ដែលបានមកពីការចូលរួមរបស់ លោកឧកញ៉ា លោកជំទាវ ឯកឧត្តម លោក លោកស្រី នៅក្នុងឱកាសនេះ សរុបមានប្រាក់ដុល្លារជិត៨ពាន់ដុល្លារអាមេរិក និងប្រាក់រៀល ជិត៣០លានរៀលផងដែល៕
ដោយៈ សេង រ័ត្ន និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com