លោក ឈួន សោភា ប្រធានគយតំបន់៥ បើកភ្លើងខៀវឲ្យលោក ឈុន សុវណ្ណារី ប្រមូលលុយតាមរបៀបពុករលួយក្រៅផ្លូវការ.!!!(វីដេអូ)
ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមប្រភពពីក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូញទំនិញតាមរថយន្ត និង រថយន្តធំ មួយចំនួនបានត្អូញត្អែរពីការរកស៊ីរបស់ខ្លួន ខណៈដែលលោក ឈួន សោភា ប្រធានការិយាល័យគយចល័តតំបន់៥ គ្រប់គ្រងចំនួន៥ខេត្តគឺ (បន្ទាយមានជ័យ - ឧត្តរមានជ័យ-សៀមរាប-កំពង់ធំ និងព្រះវិហារ) បានប្រើអំណាចរបស់ខ្លួនក្នុងការគាបសង្កត់ដល់ក្រុមឈ្មួញរកស៊ីទាំងនោះដោយ តម្រូវអោបង់សេវាលុយក្រោមតុ លើតុ តាមរបៀបពុករលួយក្រៅផ្លូវការ ដោយមិនខ្លាចនូវចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)ទេ ជាពិសេសក្រុមឈ្មួញរកស៊ីទំនិញតាមម៉ូតូថៃ ដែលនាំចូលតាមច្រកបឹងត្រកួន បើទោះជាម៉ូតូខ្លះឈ្មួញបានបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់នៅស្នាក់ការគយប្រចាំច្រកព្រំដែនរួចក៏ដោយក្តី នៅតែគេចមិនផុតពីការបង្ក្រាប និង គាបយកសេវាក្រៅផ្លូវការ ពីសំណាក់លោក ឈួន សោភា និង មន្ត្រីគយក្រោមឱវាទរបស់លោកដ៏ដែលហ្នឹង ដោយគ្មានការយោគយល់អ្វីទាំងអស់ដែលទង្វើនេះត្រូវបានអាជីវកររកស៊ី គេចាត់ទុកថា៖ គឺជាការអនុវត្តន៍ច្បាប់ហួសព្រំដែន ឬ ប្រើអំណាចតាមតែអំពើចិត្តរបស់ខ្លួន ។
សូមរំលឹកផងដែរថា៖ កន្លងមកលោក ឈួន សោភា ធ្លាប់ត្រូវបានលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ចេញលិខិតលេខ១២០៦/១៩ អ គ រ ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ជម្រាបជូនទៅប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស អញ្ជើញលោក ឈួន សោភា អត្ថលេខ៤៣៦ ជាប្រធានការិយាល័យស្រាវជ្រាវ និង បង្ក្រាបអំពើរត់គេចពន្ធតំបន់៥ ដើម្បីបំភ្លឺការងារមួយចំនួនតាមរយៈលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្តងរួចទៅហើយ បន្ទាប់ពីមានក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ និង អាជីវករជាច្រើននាក់បានផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវនៅចំណុចមុខស្នាក់ការគយចល័តជិតស្ពានទឹកថ្លា ស្ថិតក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពបន្តថា៖ កាលពីឆ្នាំមុន លោក ឈួន សោភា និងលោក ឈុន វណ្ណារី មេគយចល័តខាងលិចស្ពានទឹកថ្លា បានពង្រាយកូនចៅដាក់កុងត្រូលជជុះនៅក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ ហើយបានធ្វើការជិះរថយន្តប្រដេញតាមចាប់ម៉ូតូ និងបើករថយន្តបុកម៉ូតូគេចពន្ធ១គ្រឿង បង្ករអោយភាគីខាងម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ ប្រភពបានបញ្ជាក់ថា៖ គយចល័តជិះឡានដេញបុកអ្នកបើកម៉ូតូគេចពន្ធពីថៃ មកកម្ពុជា ដោយសារគេមិនបានចូលទៅបង់សេវាក្រៅផ្លូវការ លើតុ ក្រោមតុ។
ប្រភពដ៏ដែលបន្ថែមថា៖ សព្វថ្ងៃនេះ កុំថាឡើយទំនិញមានច្បាប់ រឺ អត់ច្បាប់ គឺមិនអាចគេចផុតពីកណ្តាប់ដៃរបស់លោក ឈុន វណ្ណារី ទទួលបន្ទុកគ្រប់គ្រងគយចល័តស្ពានទឹកថ្លា និង ក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ បាននោះទេ បើសិនមិនចូលទៅបង់ថ្លៃសេវាអោយលោក ។
ពាក់ព័ន្ធករណីខាងលើ មហាជន សូមអំពាវនាវទៅដល់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម គួរតែមានវិធានការផ្នែកច្បាប់រដ្ឋបាលលើលោក ឈួន សោភា ឬ ដកគ្រវែងចោលតែម្តង កុំអោយគាត់ចេះតែបង្កព្យុះភ្លៀងតាមអំពើចិត្តដូចភ្លៀងរលឹមតទៅទៀត ដោយលោក ឈួន សោភា ហ៊ានប្រើអំណាចផ្តាច់ការ គាបសង្កត់ទៅលើពួកក្រុមឈ្មួញរកស៊ី ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក តាមរបៀបពុករលួយក្រៅផ្លូវការ ដោយមិនខ្វល់ពីការរិះគន់ពីសំណាកក្រុមឈ្មួញ អាជីវករ ដែលរកស៊ី ដែលផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុង របស់អង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ជុំវិញករណីខាងលើនេះ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីលោក ឈួន សោភា ប្រធានគយតំបន់៥ គ្រប់គ្រងគយចល័តស្ពានទឹកថ្លា បានទេ ដោយមិនស្គាលលេខទូរស័ព្ទរលោក សម្រាប់ធ្វើការទំនាក់ទំនងបាន ហើយអង្គភាពយើងខ្ញុំសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ នៅពេលក្រោយ ហើយអង្គភាពយើងខ្ញុំ ចុះផ្សាយទៅនេះធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមែនរិះគន់ជាន់ពន្លិច ឬក៏ញុះញ៉ង់បុគ្គលអោយរឹកអើងឡើយ ហើយសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺពីសាមីជនដែលពាក់ពន្ទ័ឡើងវិញរៀងរាល់ម៉ោងធ្វើការផ្សាយ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទពីរខ្សែTel.092190098 / 0886606773៕
ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន
សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com