បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារមកថា៖ សមត្ថកិច្ចខេត្តបាត់ដំបង នៅមិនទាន់ចាប់ខ្លួនមន្រ្តីយោធាម្ចាស់ក្លឹបស្នូកឃ័រ បង្កប់ល្បែងស៊ីសងដែលបាញ់ប្អូនថ្លៃបាក់ជើងបាននៅឡើយទេ.!!!
ខេត្តបាត់ដំបង៖ ប្រភពសេចក្តីរាយការណ៍មួយបានអោយដឹងថា៖ កាលពីវេលាម៉ោងប្រហែល២០និង០០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មានការផ្ទុះអាវុធមួយករណីនៅក្នុងបរិវេណទីតាំងស្នូកឃ័រមួយកន្លែង ស្ថិតនៅត្រង់ចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា៖ ករណីហិង្សាដោយចេតនា ផ្ទុះអាវុធខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ទៀន វិសាល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីយោធា រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រើប្រាស់អាវុធ (មិនស្គាល់ម៉ាក និងចំនួនគ្រាប់)បាញ់ទៅលើជនរងគ្រោះដែលជាប្អូនថ្លៃឈ្មោះ គារ គឹម សេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសជើង ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់អោយថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកលេងនៅលើអង្រឹងនៅកន្លែងកើតហេតុ លុះក្រោយមកក៏ស្រាប់តែឈ្មោះ ទៀន វិសាល ដែលត្រូវជាបងថ្លៃ មានសភាពស្រវឹងស្រាផងនោះ បានមកដល់ និង មានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច លុះក្រោយមកក៏ស្រាប់តែមានការផ្ទុះអាវុធចំនួន០២គ្រាប់ បង្ករការភ្ញាក់ផ្អើលទាំងយប់តែម្តង។
ក្រោយពេលបង្កហេតុ ជនសង្ស័យដែលគេស្គាល់ថាជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ឯក បានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសុវណ្ណ ស្ថិតក្នុងក្រុងបាត់ដំបងភ្លាមៗផងដែរ។
បច្ចុប្បន្នៈ សមត្ថកិច្ចជំនាញខេត្តបាត់ដំបងកំពុងស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាតែបាន៕
ដោយៈ លោក សុខ បូរី និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com