ឯកឧត្តម ពេជ្រ ស្រស់ យល់ឃើញថា៖ មន្ត្រីរដ្ឋាភិបាលគួរយកគំរូតាមសម្តេចតេជោ លះបង់ប្រាក់ខែប្រឆាំងកូវីដ១៩...
រាជធានីភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្តម ពេជ្រ ស្រស់ យល់ឃើញថា មន្ត្រីរដ្ឋាភិបាលទាំងអស់ គួរតែអនុវត្តតាមនាយករដ្ឋមន្ត្រី ដែលប្រកាសមិនយកប្រាក់បៀវត្ស ដើម្បីរួមចំណែកមួយ ក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនៃការរាតត្បាតនៃជំងឺCOVID-19។
សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា វាជាការពិតណាស់ក្នុងភាពជាគំរូដល់មន្ត្រីដទៃ ដើម្បីជួយពលរដ្ឋក្នុងគ្រាមានអាសន្ន ហើយក៏ជាសញ្ញាដាស់តឿនដល់គ្រប់មន្ត្រីរាជការឲ្យគិតពីសុខទុក្ខរបស់រាស្ត្រនៅពេលរាស្ត្រមានទុក្ខ កុំសម្ងំសុខយកតែខ្លួនឯង។
សសម្រាប់ ឯកឧត្តម ពេជ្រ ស្រស់ ក៏បានស្នើឱ្យរដ្ឋាភិបាលកាត់ប្រាក់ខែលោក នៅក្នុងសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ចំនួន៣ខែដែរ គឺចាប់ពីខែមេសាដល់មិថុនា ដើម្បីទុកថវិកាជូនរដ្ឋ យកប្រើប្រាស់ដោះស្រាយបញ្ហាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារវីរុសCOVID-19។
ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនយកប្រាក់បៀវត្ស៧ខែមក គេក៏សង្កេតឃើញរដ្ឋមន្ត្រីកម្ពុជា មួយចំនួនប្រកាសកាត់ប្រាក់ខែជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ (៧ខែ) លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ (៦ខែ) លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាល (៦ខែ) ជាដើម៕
ដោយៈ លោក សុខ បូរី និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com