ដំណឹងល្អ.! អ្នកកើតជំងឺកូវីដ-១៩ ដែលឆ្លងពីជនជាតិថៃ នៅក្រុងប៉ោយប៉ែត ត្រូវបានព្យាបាលជាសះស្បើយ១០០%ហើយ..!!! មានវីដេអូ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ មេសា ឆ្នាំ២០២០នេះ ដំណឹងល្អ បុរសកើតជំងឺកូវីដ-១៩ ដែលឆ្លងពីជនជាតិថៃ នៅក្រុងប៉ោយប៉ែត កាលពីចុងខែមីនានោះ ត្រូវបានព្យាបាលជាសះស្បើយ១០០%ហើយ
ក្រោយពីសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ក្រុងប៉ោយប៉ែត អស់រយៈពេលជាច្រើនថ្ងៃ ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជួរមុខបង្អែកប៉ោយប៉ែត២ និងផ្អែកតាមគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។
ផ្អែកលើមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ អ្នកជំងឺកូវីដ-១៩ ដែលមានលេខកូដ nCoV-5256 ចំនួន០១នាក់ ជនជាតិខ្មែរ អាយុ ៣០ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ រហូតអ្នកជំងឺកូវីដ-១៩ ខាងលើ មានលទ្ធផលអវិជ្ជមានចំនួនពីរលើក ក្រោយពីបញ្ជូនសំណាកវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីត្រួតពិនិត្យលើកទី៣ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ និងបានទទួលលទ្ធផលនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង០៩និង០០នាទីព្រឹក ត្រូវបានជាសះស្បើយ១០០%។
លោក អ៊ុំ រាត្រី អភិបាល អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ និងជូនដំណើរបុរសអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលទើបព្យាបាលជាសះស្បើយ និង អនុញ្ញាតអោយត្រលប់ទៅលំនៅដ្ឋានវិញដើម្បីរស់នៅជួបជុំគ្រួសារ និងបានជួយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យថវិកា២,០០០,០០០រៀល(ពីរលានរៀល) និងថវិកាមួយចំនួនជូនដល់បុរសដែលទើបតែជាពីរជំងឺផងដែរ។
សូមជម្រាបថា៖ នៅក្នុងខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន៤ករណីហើយមកទល់និងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកបានជាសះស្បើយចំនួន៣ករណី នៅសល់តែ១ករណីប៉ុណ្ណោះ៕
ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com