ឃាត់ខ្លួនជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ពីបទចាប់ពង្រត់និងបង្ខាំងមនុស្សទុកជំរឹតទាប្រាក់ខុសច្បាប់នៅកាស៊ីណូមួយកន្លែងក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត.!!!
ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិន២នាក់បង់ក្លាដេស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលចាប់ខ្លួនអ្នកពាក់ពន្ធ័មួយករណី ពីបទពង្រត់និងបង្ខាំងមនុស្សទុក ជំរឹតទាប្រាក់ខុសច្បាប់ នៅក្នុងកាស៊ីណូមួយកន្លែងស្ដិតក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត និងបានរំដោះជនរងគ្រោះជនជាតិថៃ៦នាក់ ជនជាតិខ្មែរ២នាក់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង មានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនិជន ចុះស្រាវជ្រាវ និង ឈានដល់ការឆ្មក់ខ្លួនឃាត់ជនជាតិចិនបាន០២នាក់ ជនជាតិបង់ក្លាដេស២នាក់ ពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្រៅពីនេះបានរំដោះជនជាតិថៃ០៦នាក់ ជនជាតិខ្មែរ០២នាក់ យកមកសួរនាំផងដែរ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ធ្វើឡើងបន្ទាប់ពីមានសាច់ញាតិជនរងគ្រោះបានមកប្តឹងសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍ ខណ:បងប្អូនរបស់ខ្លួនបានទៅដាក់ពាក្យធ្វើការកាស៊ីណូអនឡាញ តែត្រូវមេការជនជាតិចិនចាប់បង្ខាំងទុក បង្អត់បាយដាក់ខ្នោះ និងថតរូបភាពបង្ហោះអោយសាច់ ញាតិយកលុយមកលោះក្នុង១នាក់ចំនួន១០០០ដុល្លារ(មួយពាន់ដុល្លារ)ទើបដោះលេងវិញ។
ក្រោយចុះស្រាវជ្រាវកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់បានជនសង្ស័យរួមមានឈ្មោះ៖
ទី១-ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។
ទី២-ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។
ទី៣-ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដេស។
ទី៤-ឈ្មោះ មៀ ហាប៊ីប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបង់ក្លាដេស។
ពាក់ពន្ធ័ករណីនេះ លោកស្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និង យ៉េនឌ័រ បានមានប្រសាសន៍អោយដឹងថា៖ យោងការបំភ្លឺរបស់ជនរងគ្រោះជនជាតិខ្មែរឈ្មោះ ឌឿម ឌាត ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ជឹម ក្តឹប បានអោយដឹងថា ពួកខ្លួនបានទៅដាក់ពាក្យសម្ភាសន៍ចូលធ្វើការខាងកាស៊ីណូអនឡាញ ក្នុងក្រុមហ៊ុនមួយនៅភ្នំពេញ ហើយបានជាប់ជាមួយមនុស្ស០៦នាក់ផ្សេងទៀត កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ យប់នោះផងដែរពួកគេត្រូវបានជនជាតិចិនដឹកតាមរថយន្តយកមកកាន់ក្រុងប៉ោយប៉ែត ម៉ោង៣ដល់គោលដៅ និងបានអោយស្នាក់នៅបន្ទប់លេខ១១៤ ក្នុងអាគារ១០០បន្ទប់។
លុះព្រឹកបន្ទាប់ជនជាតិចិនបានយកទៅធ្វើការក្នុងកាស៊ីណូមួយកន្លែងនៅក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត អ្នកអត់ចេះភាសារថៃត្រូវបានគេយកទៅភ្នំពេញវិញ ដោយឡែកពួកខ្លួនចេះថៃ ត្រូវបានគេទុកអោយនៅធ្វើការបន្ត បន្ទាប់មេការជនជាតិចិនបានសួររកអត្តសញ្ញាណប័ណ្ណជនជាតិថៃ ជនរងគ្រោះបានតបថាពួកខ្លួនក៏មានតើ ស្រាប់តែភ្លាមនោះត្រូវបានជនជាតិចិនយកទៅបន្ទប់លេខ១១៤វិញ និងបានចាប់បង្ខាំងជាមួយនឹងខ្ញុំទៀត ថៃចំនួន៦នាក់ ផ្សេងទៀត បានចាប់ដាក់ខ្នោះដៃ ឃុំឃាំងបង្អត់អាហារ ដោយប្រាប់ថា ពួកខ្លួនត្រូវបានគេលក់មកអោយខាងថៅកែកាស៊ីណូ ហើយ បើចង់ចេញត្រូវបង់ប្រាក់ ១នាក់ ១០០០ ដុល្លារ បើគ្មានអ្នកមកលោះទេត្រូវឃុំទុកទីនេះរយ:ពេល០៦ខែ។
ចំណែកជនជាតិថៃ០៦នាក់ផ្សេងទៀត ក៏ត្រូវបានជនជាតិចិនខាងលើបង្ខាំងទុកផងដែរ ដោយខឹងជនជាតិថៃទាំងនោះមិនព្រមបង្កើតហ្វេសប៊ុកនិងផេកក្លែងក្លាយដើម្បីបោកលុយជនជាតិថៃដូចគ្នាទេ។
បច្ចប្បន្ន: ជនសង្ស័យទាំង៤នាក់ មានជនជាតិចិន២នាក់ ជនជាតិបង់ក្លាដេស២នាក់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
ជុំវិញករណីខាងលើ មហាជននាំគ្នារអ៊ូរទាំ និងមានក្តីបារម្ភជាខ្លាំង និងសូមសុំណូមពរដល់អាជ្ញាធរមានសមត្ថកិច្វក្រុងនិងថ្នាក់ដឹកនាំខេត្ត គួរតែចាត់វិធានការទៅលើទីតាំកាស៊ីណូ បុរី សាន ហូ មួយនេះផង ពោះថាមានជនជាតិចិន ទៀតហើយ ដែលមករស់នៅស្រុកខ្មែរហើយ បែជាថ្លើមធំពាសមេឃ ហ៊ានពង្រត់និងបង្ខាំងមនុស្សទុក ជំរឹតទាប្រាក់ខុសច្បាប់ពីជនជាតិថៃ រួមទាំង ខ្មែរ២នាក់ ទៀតផង ហើយករណីបែបនេះ ឃើញកើតមានជាញឹកញាប់នៅក្រុងប៉ោយប៉ែត និង នៅតាមបណ្តារាជធានីខេត្តមួយចំនួនផងដែរ៕