រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ ដែលរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត ជាង៨៣៧គ្រួសារ ត្រូវបានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រគល់ព្រះរាជអំណោយជូន ដើម្បីសម្រាលទុក្ខលំបាកពួកគាត់ក្នុងគ្រាដ៏លំបាកនេះ។ ពីធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ដ៏ខ្ពស់ខ្ពស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះដោយសារការប្រែប្រួលអាកាសធាតុគួបផ្សំនិងកត្តា ភូមិសាស្ត្រ សណ្ឋានដី បានធ្វើអោយតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀត ដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើអោយបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើអោយមានការហូរច្រោះក្បាលហុងទឹក ហៀរហូរ ជន់លិចលំនៅឋាន និងបង្កអោយមានផលប៉ះពាល់ដោយផ្ទាល់ និង ដោយប្រយោល ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិចំនួន៤ ក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង បានបន្តហូរជន់លិចក្នុងភូមិចំនួន ៤ ផ្សេងទៀត នៃសង្កាត់ទៀន ព្រមទាំងបណ្តាភូមិ នៃសង្កាត់មួយចំនួនទៀត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្តមអភិបាលបន្តថា៖ ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្ដល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និង ទីកន្លែងស្នាក់នៅបណ្តោះអាសន្នសមរម្យ ពោលគឺមិនមានប្រជាពលរដ្ឋណាមួយរងគ្រោះដល់អាយុជីវិតនោះទេ។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ទៀតថា៖ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ព្រះរាជអំណោយមនុស្សធម៌ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៨៣៧ គ្រួសារ ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ក្នុងនោះសង្កាត់គងនយ ចំនួន ៤៩១ គ្រួសារ និងសង្កាត់ទៀន មានចំនួន ៣៤៦ គ្រួសារ។ ឯកឧត្តមអភិបាលរាជធានីបានលើកឡើងទៀតថា៖ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ និងព្រះព្រហ្មវិហារធម៌ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងអោយឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ខ្ពស់បំផុត អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ ដើម្បីដោះស្រាយ និងសម្រាលការលំបាកប្រជារាស្ត្រ របស់ព្រះអង្គ នៅគ្រប់ដំណាក់កាលទាំងអស់។ ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បានមានប្រសាសន៍លើកឡើងថា ក្រោយពីទទួលបានព័ត៌មានពីការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដោយទឹកជំនន់ព្រែកត្នោតនេះ និងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានចាត់អោយសម្ដេចនាំយកនូវព្រះរាជអំណោយមនុស្សធម៌នេះ មកចែកជូនបងប្អូនប្រជាពរដ្ឋចំនួន ៨៣៧ គ្រួសារនៅក្នុងខណ្ឌដង្កោនេះតែម្តង។ សម្ដេចចៅហ្វាវាំងបានបន្តថា ព្រះរាជអំណោយរបស់សម្ដេចម៉ែ ដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋទាំង ៨៣៧ គ្រួសារនេះ ក្នុងមួយគ្រួសារៗ ទទួលបាន អាវយឺតមួយ,អង្ករ៥០គីឡូក្រាម,ម៉ាស១០បន្ទះ,មី ១កេស,ត្រីខ១០កំប៉ុង,តង់១,ឃីតមួយកញ្ចប់ (ដែលក្នុងឃីតនេះ មានភួយ១ ក្រម៉ា១ មុង១) និងថវិកាចំនួន៤សែនរៀល។ នៅក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង ក៏បានធ្វើការណែនាំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តអោយបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសអនុវត្តអោយបាន ( ៣ការពារ៣កុំផង) ដើម្បីយើងរួមគ្នាទប់ស្កាត់អោយបាននូវការរីករាលដាលជំងឺកូវីដ-១៩៕ ដោយ: លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា