ទោចម្កុដគឺជាប្រភេទសត្វកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទរងគ្រោះជិតផុតពូជនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញា CITES។ ទោចម្កុដនេះមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ យោងតាមអង្គការ IUCN តាមការប៉ាន់ស្មាន ទោចម្កុដទូទាំងពិភពលោកមានប្រមាណជាង ៦៥០០០ ក្បាល ដែលក្នុងនោះកម្ពុជាត្រូវបានគេជឿថាមានវត្តមានទោចម្កុដច្រើនជាងគេមានចំនួនប្រមាណ ៣៥០០០ ក្បាល ដែលកំពុងរស់នៅ ក្នុងតំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងក្នុងតំបន់ការពារធម្មជាតិកម្ពុជា ជាពិសេស តំបន់ជួរភ្នំក្រវ៉ាញ។ នៅភាគខាងកើតប្រទេសថៃមានប្រមាណ ៣០០០០ ក្បាល និងនៅខាងត្បូងឈៀងខាងលិចនៃប្រទេសឡាវ មានវត្តមានទោចម្កុដតិចតួច។ ទោចម្កុដងាយស្រួលចំណាំថាជាទោចញី ឬទោចឈ្មោល ដោយធ្វើការសម្គាល់ទោចញីមានពណ៌ស និងមានកាតឹបក្បាល និងទ្រូងមានពណ៌ខ្មៅ។ រីឯទោចឈ្មោលមានពណ៌ខ្មៅ នៅពេលវាមានអាយុ ៣ទៅ៤ឆ្នាំ លើកលែងតែដៃជើង និងរោមជុំវិញប្រដាប់បន្តពូជមានពណ៌ស។ ផ្ទៃមុខទោចញី និងឈ្មោលមានពណ៌ខ្មៅនិងមានរោមពណ៌សដុះព័ទ្ធជុំវិញមុខរហូតដល់ត្រចៀកដូចគ្នា។ ចំណែកកូនទើបកើតមានពណ៌ប្រផេះ ស្រាល។ នៅពេលវាអាយុ ៤ ឬ៥ ខែ មានដុះចេញនូវដុំខ្មៅពីរដុំដែលមួយដុំលើក្បាលរាងដូចម្កុដ និងដុំមួយទៀតនៅលើទ្រូង។ ទោចញីប្រែពណ៌នៅពេលវាមានអាយុ ២ ឬ៣ ឆ្នាំ ហើយក្រោយមកប្រែពណ៌ទៅជាត្នោតភ្លឺវិញនៅពេលវាពេញវ័យ ដោយមានដុំខ្មៅរាងត្រីកោណនៅលើទ្រូង និងម្កុដពណ៌ខ្មៅលើក្បាល។ ទោចម្កុដមានដៃវែងៗ និងគ្មានកន្ទុយទេ។ ទោចម្កុដត្រូវបានប្រទះឃើញនៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ជារួមវារស់នៅជាក្រុមតូចៗពី ២ ទៅ ៥ ក្បាលរួមមានមេ បា និងកូន។ ទោចពេញវ័យចាប់ពីអាយុ ៦ ឆ្នាំទៅ។ ពួកវាចំណាយពេលជាច្រើនម៉ោងនៅលើដើមឈើខ្ពស់ៗ ហើយជារឿយៗ វាតែងតែហក់លោកពីមែកឈើមួយទៅមែកឈើមួយនៅពេលព្រឹក។ អាហាររបស់វារួមមានផ្លែឈើគ្រប់ប្រភេទ ស្លឹកឈើ ផ្កា និងសត្វល្អិត។ ទោចញីបង្កើតកូនបានតែមួយគត់ បន្ទាប់ពីពរពោះរយៈពេល ២១០ ថ្ងៃ។ ចន្លោះកូនពីមួយទៅមួយមានរយៈពេល ២ ទៅ៣ ឆ្នាំ។ ទោចម្កុដញី និងឈ្មោល នៃក្រុមនីមួយៗចូលចិត្តបន្លឺស្ទើរសំឡេងព្រមៗគ្នានៅពេលព្រឹកដើម្បីគ្រប់គ្រងដែនព្រៃរៀងៗខ្លួន ហើយសំឡេងដែលបន្លឺឡើងអាចឮក្នុងរយៈចម្ងាយពី ១ ទៅ ២ គីឡូម៉ែត្រ។ លក្ខណៈពិសេសរបស់ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ ហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ។ ទោចម្កុដបាននិងកំពុងប្រឈមនឹងការគំរាមកំហែង បាត់បង់ដោយសារតែការបរបាញ់ ដាក់អន្ទាក់ ការធ្វើអាជីវកម្មនិងការបាត់បង់ជម្រក។ ក្រុមអភិរក្សនិងមន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជូញដូរសត្វព្រៃទាំងនេះ។ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សប្រភេទសត្វទោចម្កុដឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរារួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ បានព្រលែងសត្វទោចម្កុដបានចំនួន ៤ គ្រួសារនៅក្នុងព្រៃនៃឧទ្យានជាតិអង្គរ និងបានកើតកូនជាច្រើន។ យោងតាមក្រុមអភិរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គិតមកដល់ខែកក្កដា ឆ្នាំ២០២០ សត្វទោចម្កុដ នៅក្នុងព្រៃអង្គរ មានចំនួន ១១ក្បាល។ មូលហេតុដែលនាំយកសត្វទោចម្កុដមកព្រលែងអោយរស់នៅ និងបង្កាត់ពូជក្នុងព្រៃអង្គរ ពីព្រោះព្រៃនេះមានដើមឈើចម្រុះ មានផ្លែផ្កាជាចំណី អមដោយការថែរក្សាការពារ ដែលអាចអោយសត្វខាងលើរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯងបាន ។ ក្រសួងបរិស្ថានសូមថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអស់ក្នុងការការពារនិងអភិរក្សសត្វទោចម្កុដដែលជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជនេះ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអភិរក្ស និងបញ្ឈប់ការបរបាញ់ ដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការជួញដូរ និងឈប់បរិភោគសាច់សត្វព្រៃ។ {ដកស្រង់រូបភាពទោចម្កុដបន្តបន្ទាប់ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអាជ្ញាធរអប្សរា}៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា