អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ទ្រង់បានយាងនាំព្រះរាជអំណោយ ចែកដល់ សិស្សានុសិស្ស២៥០នាក់ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត ៦ នាក់ នៅចំណុចសាលារៀន អ៊ុងម៉ុង ភូមិអូរអំពិល...
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសុក្រ ៨រោច ខែមាឃ ឆាំ្នជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆាំ្ន២០២១ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ទ្រង់បានយាងនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា ដែលជាទឹកព្រះទ័យអ្នកអង្គម្ចាស់ផ្ទាល់ ចែកជូន សិស្សានុសិស្ស សម្រាប់រៀនសូត្រនៅសាលារៀនមួយខ្នងមាន៣បន្ទប់ នៅចំណុច អ៊ុងម៉ុង ភូមិអូរអំពិល ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សម្ភារៈមានដូចជា៖ តុមានចំនួន៣៦ សម្រាប់សិស្ស។ តុលោកគ្រូអ្នកគ្រូមានចំនួន៣ឈុត រួមជាមួយក្តាខៀន។ សម្ភារៈសិក្សាសៀវភៅប៊ិច ខ្មៅដៃ មាន ចំនួន ២៥០ ដុំ រួមនិងថវិកាមួយចំនួន។
ព្រះរាជអំណោយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន នាំយកមកចែកជូនសិស្ស២៥០នាក់នាថ្ងៃនេះផងដែរ គឺ ដើម្បីជាការឆ្លើយតប តាមការស្នើសុំរបស់លោកគ្រូអ្នកគ្រូ ដែលស្ម័គ្រចិត្ត ទាំង ០៦ នាក់ មកបង្រៀនសិស្សានុសិស្ស នៅសាលារៀន ចំណុច អ៊ុងម៉ុង ដោយមិនយកប្រាក់ខែទេនោះ។ ដោយអ្នអង្កម្ចាស់ ទ្រង់បានជ្រួតជ្រាបព្រះហឫទ័យ ទតឃើញ ប្រជានរាស្ត្រ លោក ក្រីក្រ ដែលជា ឪពុក ម្តាយ អាណាព្យាបាលរបស់ក្មេងៗទាំងនោះ កំពុងជួបទុក្ខលំបាក មានជីវភាពខ្វះខាតក្នុងគ្រួសារ ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិសេដ្ឋកិច្ច នាសម័យកូវីដ-១៩ ក្នុងឆ្នាំ២០២០-២០២១។
លោក គង់ ជា តំណាងអោយប្រជាពលរដ្ឋ
និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅចំណុច អ៊ុង ម៉ុង សូមក្រាបថ្វាយថ្លែងអំណរអរព្រះគុណ យ៉ាងជ្រាលជ្រៅ ចំពោះអ្នកអង្គម្ចាស់ ដែលមានទឹកព្រះទ័យ នាំយកព្រះរាជអំណោយជាសម្ភារៈសិក្សា តុសិស្ស និង តុលោកគ្រូ ក្តាខៀន ខ្មៅដៃ សៀវភៅ ប៊ិច មកឧត្ថមដល់សាលារៀនក្នុងភូមិរបស់ពួកគាត់ ដើម្បីបានក្មេងៗដែលជាទំពាំងស្នងឬស្សី សិក្សាបន្ត និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាថ្ងៃអនាគតផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានផ្តាំផ្ញើ សូមអោយប្រជាពលរដ្ឋ រក្សាអនាម័យ ពាក់ម៉ាស់សម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល អោយបានញឹកញាប់ ដើម្បីការពារ កុំអោយឆ្លងជំងឺកូវីដ-១៩ ត្រូវស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។
មុននឹងបញ្ចប់ព្រះរាជកិច្ចចែកព្រះអំណោយ
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បាននាំព្រះរាជបន្ទូលសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះនរោត្ដម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដល់ព្រះជានុរាស្ត្រ ដែលជាកូនជាចៅរបស់ព្រះអង្គ ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេរ តែងតែយកព្រះរាជហឬទ័យ ទុកដាក់ចំពោះកូនចៅរបស់ព្រះអង្គ គ្រប់ទីកន្លែង នៅទូទាំងប្រទេស។
ក្នុងនោះផងដែរប្រជានុរាស្ត្រទាំងអស់ បានក្រាបថ្វាយបង្គំ ដោយទឹកចិត្តសប្បាយរីករាយលាយឡំនឹងទឹកភ្នែក ចំពោះអ្នកអង្គម្ចាស់ យកព្រះទ័យទុកដាក់លើប្រជារាស្ត្រ ដែលលំបាកទីទាល់ក្រ ព្រមទាំងបានសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ឃុំគ្រងថែរក្សា សូមអោយអ្នកអង្គម្ចាស់ មានព្រះសុខភាពល្អ កម្លាំងមាំមួន ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com