ក្រុមហ៊ុនទទួលបញ្ញើអីវ៉ាន់ វីរៈប៊ុនថាំ សាខាក្រុងប៉ោយប៉ែត បិទខ្ទប់បានរយៈពេល៣ថ្ងៃ ឃើញបើកវិញដដែរក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យជួរមុខ រកឃើញបុគ្គលិកមានវិជ្ជមានកូវីដ-១៩ ជាច្រើននាក់.!!!
ខេត្តបន្ទាយមានជ័យ៖ ក្រុមហ៊ុនទទួលបញ្ញើអីវ៉ាន់ វីរៈប៊ុនថាំ សាខាក្រុងប៉ោយប៉ែត បន្ទាប់ពីអាជ្ញាធរយកបុគ្គលិក៣១នាក់ ទៅពិនិត្យសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលទ្ធផល មានវិជ្ជមាន ៧ នាក់ និង ៣ នាក់ ផ្សេងទៀត មានវិជ្ជមានកូវីដ បម្លែងថ្មី (ដែលតា) ចំណែកអ្នកជាប់ពាក់ព័ន្ធត្រូវបានធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាព ក្រុងប៉ោយប៉ែត កាល់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
ក្រោយពីអាជ្ញាធរគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ចុះហ៊ុំព័ទ្ធបិទខ្ទប់ទីតាំងក្រុមហ៊ុនទទួលបញ្ញើអីវ៉ាន់ វីរៈ ប៊ុនថាំ សាខាក្រុងប៉ោយប៉ែត បានរយៈពេល៣ថ្ងៃ បន្ទាប់មកឃើញថា ក្រុមហ៊ុនខាងលើ បាននាំយកអំណោយរួមនឹងថវិកា ១០ លានរៀល ជូនដល់អាជ្ញាធរក្រុងប៉ោយប៉ែត រួចមកឃើញថា ក្រុមហ៊ុនខាងលើ បានបើកដំណើរការវិញដដែល ដោយហ៊ានល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានចេញសេចក្តីប្រកាសណែនាំថា បើទីតាំងណាមួយមានអ្នកឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរនិងគណៈបញ្ជាការឯកភាពមូលដ្ឋាននោះ ត្រូវចុះអនុវត្តបិទខ្ទប់ទីតាំងនោះរយ:ពេល១៤ថ្ងៃ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ អោយប្រាកដថា មេរោគនោះត្រូវបានស្ងប់ស្ងាត់គ្មានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បន្តទៀត ទើបទីតាំងនោះអាដំណើរការវិញបាន។
បើយោងប្រភពរិះគន់ពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានលើកឡើងថា តើច្បាប់បម្រាមបិទខ្ទប់ របស់រាជរដ្ឋាភិបាល ដាក់អោយមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមអនុវត្តគឺជាអ្វី? ទើបបានជាអាជ្ញាធរខេត្ត និង អាជ្ញាធរក្រុងប៉ោយប៉ែត បណ្តែតបណ្ដោយឱ្យក្រុមហ៊ុនទទួលបញ្ញើរឥវ៉ាន់ វីរៈ ប៊ុនថាំ សាខាក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញបាន មិនទាន់គ្រប់១៤ថ្ងៃនៃការបិទខ្ទប់ផង ឬមួយដូចពាក្យស្លោកថា (កន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង) ចំណែកទីតាំងនានា ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ឃើញមានការបិទខ្ទប់យ៉ាងតឹងរឹងរយៈពេល១៤ថ្ងៃ ដល់ទៅ២០ថ្ងៃ។
សូមបញ្ជាក់ផងដែរថា៖ កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សារព័ត៌មាន {គេហទំព័រប៉ោយប៉ែត ប៉ុស្តិ៍} បានខលទៅលោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធករណីក្រុមហ៊ុនទទួលបញ្ញើ វីរៈ ប៊ុនថាំ ដែលកំពុងបើកដំណើរការឡើងវិញសារជាថ្មី លោកអភិបាលក្រុងបានអោយដឹងតាមទូរស័ព្ទថា៖ ការដែលក្រុមហ៊ុនបើកដំណើរការឡើងវិញបាន ព្រោះខាងក្រុមហ៊ុនបានយកបុគ្គលិកថ្មីមកធ្វើការជំនួសទាំងអស់ ចំណែកបុគ្គលិកចាស់ដែលជាប់ពាក់ព័ន្ធកំពុងសម្រាកព្យាបាល និង កំពុងធ្វើ ចត្តាឡីស័ក នៅមណ្ឌលសុខភាពប៉ោយប៉ែតនៅឡើយទេ។ ហើយទីតាំងនេះត្រូវបានក្រុមគ្រូពេទ្យជំនាញ បាញ់ថ្នាំ សម្អាត សម្លាប់មេរោគ រួចរាល់ផងដែរ ហើយការបើកឡើងវិញនេះ គឺខាងក្រុមហ៊ុនបានស្នើសុំទៅដល់ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ រួចហើយដែលទើបខាងក្រុមហ៊ុននេះអាចបើកដំណើរការជាធម្មតាវិញបាននាពេលនេះ។
ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ រិះគន់ក្នុងន័យស្ថាបនាមិនបានបង្អាប់បង្អោន ឬជាន់ពន្លិច បុគ្គលណាមួយឡើយ ព្រោះកន្លងទៅសម្ដេចតេជោបានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថាអ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង រឿងអាក្រក់ និង រឿងល្អ ក្នុងសង្គម ហើយអ្នកសារព័ត៌មានជាព្រាបនាំសារជូនដល់រាជរដ្ឋាភិបាល និងជាអ្នករួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ សូមមន្ត្រីថ្នាក់ក្រោមកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូ៕