ខេត្តព្រៃវែង៖ ប្រជានេសាទនៅភូមិពន្លៃឡ ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង ផ្ទុះការតវ៉ា ខណៈដែលដឹងថាអាជ្ញាធរ និង មន្ត្រីជំនាញជលផល ឃុបឃិតគ្នាជាមួយឈ្មួញ ឈរកាងវាទទី បង្កើតដៃឡូតិ៍នេសាទធំៗក្នុងព្រែកធម្មជាតិ មានចំនួន ៣ កន្លែង ក្នុងឃុំបាបោង ស្រុកពាមក៏ មិនតែប៉ុណ្ណោះ បានហាមផ្ដាច់មិនអោយប្រជាពលរដ្ឋនេសាទនៅទីនោះទេ។ ប្រភពពីពលរដ្ឋបានប្រាប់ បណ្តាសារព័ត៌មានជាច្រើនអង្គភាពអោយដឹងផងដែរថា៖ សព្វថ្ងៃនេះ បងប្អូនប្រជានេសាទ រស់នៅយ៉ាងលំបាក ខណៈដែលពួកគាត់លែងបានចុះនេសាទ តាមព្រែក ទន្លេ ស្ទឹង បឹងបួរ ទៀតហើយ ចាប់តាំងពីត្រូវបានគេដាក់ដៃឡូតិ៍នេសាទ សំណាញ់យក្សធំៗបំបិទ ចាប់ពីក្បាលព្រែករហូតដល់ចុងព្រែក ស្ទើរតែទាំងអស់ ពោលគឺ ខួបប្រាំងខួបវស្សា ក្នុងឃុំបាបោង។ ធ្វើអោយជាពលរដ្ឋ ដែលតែងតែអាស្រ័យផល លើការនេសាទ ជាលក្ខណៈគ្រួសារ មិនអាចប្រកបមុខរបរ នេសាទត្រី ដើម្បីចិញ្ចឹមជីវិតពួកគាត់បានទៀតឡើយ ពិព្រោះ អាជ្ញាធរ និងមន្ត្រីជំនាញជលផល បាននិងកំពុង ឃុបឃិតគ្នា ជាមួយឈ្មួញធំ ដែលមានឥទ្ធិពលម្នាក់ដែលអួតអាងថា មានខ្នងបង្អែកជាមន្ត្រីធំ។ ប្រភពបានបន្តថា៖ បុគ្គលឈ្មោះ ភឿន ហៅគ្រូជ័រ ដែលតាំងខ្លួនថា ជាប្រធានសមាគមនេសាទ ឃុំបាបោង និង ជាម្ចាស់ដៃឡូតិ៍នេសាទ ដែលមានឥទ្ធិពលដ៏ល្បីល្បាញម្នាក់ប្រើអំណាច ដើរសំឡុតគំរាម កំហែង ធ្វើបាបប្រជាពលរដ្ឋជាអ្នកអាស្រ័យផលនេសាទ និងតែងតែបញ្ជារកូនចៅរបស់ខ្លួន ឈរយាមកាមចាំចាប់ នរណាដែលហ៊ាន នេសាទ ក្នុងព្រែកដែលខ្លួនដាក់ដៃឡូតិ៍នេសាទ យ៉ាងសាហាវព្រៃផ្សៃបំផុត។ ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោក ចៅ នួន មេឃុំបាបោង បានប្រាប់ បណ្តា សារព័ត៌មាន ការពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា៖ ពិតជាមានដៃឡូតិ៍នេសាទធំៗចំនួន ៣ កន្លែង ក្នុងឃុំបាបោង ពិតប្រាកដមែន ប៉ុន្តែ! ដៃឡូតិ៍នេសាទទាំងនោះ គឺស្របច្បាប់ ក្រោមការគ្រប់គ្រងរបស់សមាគមនេសាទ ឃុំបាបោង ដែលចៅហ្វាយខេត្តព្រៃវែង ចុះហត្ថលេខាអនុញ្ញាតអោយត្រឹមត្រូវ។ នៅពេលសំណួរសួរថា តើបុគ្គលឈ្មោះ ភឿន ហៅគ្រូជ័រ គឺជានរណា មានបុណ្យស័ក្តិអ្វី មានតួនាទីអ្វី? លោកមេឃុំបានឆ្លើយថា៖ លោក ភឿន ហៅគ្រូជ័រ មិនមានតួនាទីអ្វីទេ លោកគ្រាន់តែជាសមាជិក សមាគម នេសាទ ឃុំបាបោង ម្នាក់ ដែលមានលទ្ធភាព មានលុយ ចូលរួមអភិវឌ្ឍន៍ មិនមែនជាប្រធានសមាគមនោះទេ។ តែផ្ទុយទៅវិញ បុគ្គលរូបនេះ ហាក់មានអំណាចឥទ្ធិពលខុសពីធម្មតា ដែលអាចបញ្ជាអាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញជលផល អផយចាប់អ្នកនេះ ឬឃាត់អ្នកនោះ តាមតែអំពើចិត្ត និង បានយកព្រែកធម្មជាតិរបស់រដ្ឋមកធ្វើជាសម្បត្តិរបស់ខ្លួនយ៉ាងគគ្លើនទៅវិញ។ លោក ចៅ នួន បន្តថា៖ សមាគមនេសាទ ឃុំបាបោង នេះ គឺមានយូរយាណាស់មកហើយ ដែលបង្កើតឡើងក្នុងគោលបំណង អភិរក្សរាល់ជម្រកមច្ឆាជាតិ កុំអផយដាច់ពូជ ដើម្បីជាប្រយោជន៍រួម សម្រាប់ប្រជានេសាទគ្រប់រូប។ បើទោះជាមានកាលើកឡើងពី លោក ចៅ នួន មេឃុំបាបោង យ៉ាងនេះក្តី គឺវាផ្ទុយស្រឡះ ខណៈដែលព្រៃលិចទឹក ដែលជាជម្រកត្រី ត្រូវបានកាប់បំផ្លាញសឹងតែអស់ទៅហើយ និងព្រែកធម្មជាតិ របស់រដ្ឋ ហាក់ក្លាយជារបស់ឯកជន កាន់កាប់ដាក់ ដៃឡូតិ៍នេសាទ យ៉ាងអានាធិបតេយ្យបែបនេះទៅវិញ។ លោកមេឃុំបានបញ្ជាក់ទៀតថា៖ ចំពោះការដាក់ដៃឡូតិ៍នេសាទ ខាងលើនេះ (ជាអតីតដៃឡូតិ៍នេសាទ លេខ ៤) គឺដើម្បីស្ទាក់ស្តុកត្រីកុំអោយដាច់ពូជ និង ការពារពីករណីនេសាទខុសច្បាប់។ រីឯចំណូលបានពីដៃឡូតិ៍ គឺយកមកអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដូចជាការស្ដារព្រែកធ្វើផ្លូវជាដើម។ ក៏ប៉ុន្តែ ភាពជាក់ស្ដែង យោងតាមប្រភពពី ពលរដ្ឋ និង មន្ត្រីក្នុងមូលដ្ឋានខ្លះ បានអោយដឹងថា គឺគ្មានបានអភិវឌ្ឍន៍អ្វីនោះទេ វាជាការបំភាន់ភ្នែកមហាជន ឃុបឃិតគ្នាជាប្រព័ន្ធតាំងពីថ្នាក់ខេត្ត ដល់មូលដ្ឋាន ដើម្បីរកប្រយោជន៍បុគ្គល ចែកគ្នាធ្វើមានបានតែប៉ុណ្ណោះ។ ដោយឡែក នៅរសៀលថ្ងៃដដែល សារព័ត៌មាន មិនអាចសុំការបកស្រាយបំភ្លឺពីលោកស្រី សេង ទៀង ចៅហ្វាយស្រុកពាមរក៏បសនននោះទេ ដោយចុចទូរសព្ទចូលជិត២០ ដង ហើយ តែគ្មានអ្នកទទួល។ ជាមួយគ្នានោះ លោក អូន សុីណាត មេជលផល ខេត្តព្រៃវែង ក៏មិនអាចសុំការបកស្រាយបំភ្លឺបានដែរ ដោយហេតុផលមិនខុសគ្នាឡើយ។ គួរជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាសបទបញ្ជារំរំលាយលែងអោយមានដៃឡូត៍នេសាទទាំងអស់ គឺជាការរំលាយជារៀងរហូត គ្មានថ្ងៃត្រឡប់ថយក្រោយវិញទេ ដរាបណា សម្តេចនៅមានជីវិត និង គណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាចនៅក្នុងប្រទេសកម្ពុជា។ ហើយបុគ្គលណានៅហ៊ានបន្តដាក់ដៃឡូតិ៍នេសាទ ទៀតនោះ គឺជាអំពើខុសច្បាប់។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ មហាជននៅឃើញថា នៅតែមានការបន្តដាក់ដៃឡូតិ៍នេសាទខ្នាតយក្សធំៗក្នុងព្រែកធម្មជាតិចំនួន ៣ កន្លែង ដូចជា "ព្រែកបាឡី ព្រែកបាបោង និង ព្រែកបន្ទាយដេក ស្ថិតក្នុងឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង"។ ដោយមានអ្នកឈរកាងមើលការខុសត្រូវ យ៉ាងម៉ត់ចត់ ពីសំណាក់ឈ្មួញដ៏មានឥទ្ធិពល រួមមាន អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញជលផល សម្ងំប្រមូលបានត្រីធម្មជាតិ រាប់សិបតោន ក្នុងមួយថ្ងៃៗ យកអោយឈ្មួញកណ្តាល បានលុយចែកគ្នា ក្រោមស្លាកឈ្មោះ សមាគមនេសាទ ដែលមានបុគ្គលឈ្មោះ ភឿន ហៅគ្រូជ័រ ជាមេធំ នៅទីនោះ។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ ដែលជាមានអាជីព នេសាទត្រី បែបលក្ខណៈគ្រួសារ សុំស្នើដល់ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ នៅចំណុចដៃឡូតិ៍នេសាទខាងលើនេះផងអោយបានស៊ីជម្រៅផងទាន ជាពិសេស ឯកឧត្តម ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែងតាំងថ្មី សុំប្រើកណ្ដាប់ដៃដែក ដែល សម្តេចតេជោប្រគល់អោយ មកវះកាត់ដុះក្អែល មន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូច ដែលមិនអនុវត្តច្បាប់ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ចែកគ្នាធ្វើមានបានយ៉ាងសុខស្រួលជាមួយនឹងឈ្មួញ ដែលកំពុងប្រព្រឹត្តបទល្មើសនេសាទ។ សបញ្ជាក់អោយឃើញថា ការប្រព្រឹត្តទាំងនោះ គឺហ៊ានផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី យ៉ាងពេញបន្ទុក ក្រោមឡេះ យកឈ្មោះ សមាគម នេសាទ អភិរក្ស ពូជមច្ឆាជាតិ ឃុំបាបោង។ តែជាក់ស្តែង កំពុងបំផ្លាញ ពូជ ហ្វូង មច្ឆាជាតិ គ្រប់ប្រភេទ មិនតែប៉ុណ្ណោះ ហាមមិនអោយ ប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទ បែបលក្ខណៈគ្រួសារ ចុះនេសាទត្រី យកមកដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃដូចសព្វមួយដងបាននោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា