អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងជាអធិបតី បួងសួងសុំសេចក្តីសុខដល់ប្រជារាស្ត្រខ្មែរនៅវត្តឯកភ្នំខេត្តបាត់ដំបង.!!!
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ យាងជាអធិបតី អមដំណើរដោយលោក ជួន ចេង ទីព្រឹក្សាផ្ទាល់ និងឯកឧត្ដម តាន់ វណ្ណនី ព្រមទាំង លោកជំទាវ មេឃាទេវានុរក្ស ទេពតារាគន្ធា មហាឧបាសិការសាសនូបត្ថម្ភក៍ បានមូលមតិគ្នា ប្រារព្ធពិធីបួងសួង សុំសេចក្តីសុខដល់ប្រជារាស្ត្រខ្មែរ នារដូវចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ កម្មវិធីនេះប្រព្រឹត្តទៅនៅទីតាំង វត្តឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និង សោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមាន ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទ បានរួមសាមគ្គីគ្នា ធ្វើបុណ្យបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿងដល់នគរភពផែនកម្ពុជា ដល់ប្រជានុរាស្ត្រខ្មែរគ្រប់ៗគ្នា។ម្យ៉ាងវិញទៀត ខែមាន់សន់រដូវ មហាសង្ក្រាន្តឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី តាមប្រពៃណីខ្មែរយើង តែងតែជួបជុំគ្នាធ្វើបុណ្យ ឧទិ្ទសកុសល ជូនដល់ បុព្វរីជន និងបួងសួង សុំសុខសួស្តីសិរីប្រសើដល់ញាតិមិត្ត និងបងប្អូនខេមរៈជនខ្មែរ សូមមានការស្រឡាញ់រាប់អានសាមគ្គីគ្នា និង ភាតរភាពតទៅ។
តាងនាមជាធិបតីនៃពិធីបួងសួងសុំសេចក្តីសុខ នៅមុខប្រាសាទ ឯកភ្នំ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមឧទ្ទិសមហាបុណ្យកុសលថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធអតីត
ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ព្រះញាតិវង្សានុវង្សគ្រប់ព្រះអង្គ ជាពិសេស សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវិរ:ក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់ឋានសួគ៌ សោយសុគតិភព កុំបីឃ្លៀងឃ្លាតឡើង។
ក្នុងនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និង ឯកឧត្តម តាន់ វណ្ណនី ព្រមទាំងលោកជំទាវ មេឃាទេវានុរក្ស ទេពតារាគន្ធា មហាឧបាសិការសាសនូបត្ថម្ភក៍ បាននាំយកអំណោយមួយចំនួនដូនជា ក្រម៉ា និងថវិកា ចែកជូនដល់ លោកយាយ លោកតា ចាស់ជរាប្រមាន ១០០ នាក់។
ថ្លែងក្នុងពិធីបួងសួង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន មានបីតិសោមនស្សរីករាយពន់ពេកចំពោះការទទួលបតិសណ្ឋានកិច្ច ប្រកបដោយស្នាមញញឹមរួបរួមសាមគ្គីគ្នា បំពេញបុណ្យកុសលជូនដល់ បុព្វបុរសខ្មែរគ្រប់ជំុនាន់ និងសូមលើកហត្ថាប្រណម្យ ដល់គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុសាកសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូប សមប្រកបតែនិងសេចក្តីសុខសេចក្តីចម្រើន រុងរឿង រួចចាកផុតពីរោគាព្យាធិ ឬអន្តរាយ ផ្សេងៗដោយអនុភាព នៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី ព្រះនាម គិរិណីទេវី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សេរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរ គ្រប់ស្រទាប់វណ្ណៈ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
ជាទីបញ្ចប់: អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រខ្មែរទាំអស់ សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរ្តិ៍ដំណែលបុព្វបុរសដូនតា និងកសាងមហានគរ ដ៏បវរមួយនេះ អោយបានរុងរឿង ឋិតឋេរចេរកាលជានិរន្តរ៍៕