អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី យាងបង្សុកូលថ្វាយ ព្រះបរមរតនកោដ្ឋ លើខ្នងភ្នំគូលែនខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅវេលាព្រឹកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃបុណ្យវិសាខបូជាអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរដោយឯកឧត្ដម សាន្ត រដ្ឋស៊ីង ទីប្រឹក្សាផ្ទាល់ និងសហការី បានធ្វើបុណ្យបង្សុកូល ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅលើខ្នងភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប។
នាក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រជាពុទ្ធបរិស័ទ ដែលបានរួមសាមគ្គីគ្នាធ្វើបុណ្យបង្សុកូល ថ្វាយព្រះបរមរតនកោដ្ឋ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនរុងរឿងដល់នគរភពផែនដែនកម្ពុជា និងប្រជានុរាស្រ្តខ្មែរគ្រប់ៗគ្នាម្យ៉ាងវិញទៀតថ្ងៃ១៥កើតពេញបូណ៌មីនេះ គឺជាថ្ងៃបុណ្យ
វិសាខបូជា ខ្មែរយើងតែងតែជួបជុំធ្វើបុណ្យ រំលឹកគុណព្រះសម្មាសម្ពុទ្ធបរមគ្រូហើយ ឧទិ្ទសកុសលជូនដល់បុព្វការីជន ជាពិសេសរំលឹកនូវព្រះករុណាមហាទិគុណដ៏ធំធេងនៃអង្គសម្តេចឪ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមជាព្រះមហាវរក្សត្រមួយព្រះអង្គ ព្រះបរមរតនកោដ្ឋជានិច្ចជាកាល ខិតខំប្រឹងប្រែងបំពេញព្រះរាជកិច្ច និងព្រះរាជបូជនីយកិច្ច ដោយមិនខ្លាចនឿយហត់ព្រះកាយពល និងព្រះរាជបញ្ញាញាណ ដើម្បីបង្រួបបង្រួមជាតិ ទាមទារឯករាជ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅសល់ត្រឹមព្រះរាជអាល័យ សមិទ្ធិផលជាច្រើន ការស្ថាបនាជាតិ និងស្នាព្រះហស្តដ៏ឧត្តុងឧត្តមនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកអោយកូនចៅ ចៅទួត ចៅលួត ប្រជានុរាស្ត្ររបស់ព្រះអង្គ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាព្រះមហាវីរក្សត្រមួយព្រអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុងឧត្ដមចំពោះប្រជានុរាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រះរាជសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញអោយឃើញនូវសច្ចធម៌នៃទសពិធរាជធម៌របស់ព្រះអង្គ ដែលព្រះអង្គប្រទានដល់ប្រជានុរាស្ត្រខ្មែរ ដោយមិនប្រកាន់ ពូជសាសន៍ ជាតិកំណើត ជំនឿសាសនា ឬ ពណ៌សម្បូរឡើយ ដោយសារ សច្ចភាពនេះហើយទើបប្រជានុរាស្ត្រខ្មែរគ្រប់ ស្រទាប់វណ្ណ:ទូទាំងប្រទេសបានគាំទ្រស្រលាញ់ គោរពចំពោះព្រះអង្គគ្មានថ្ងៃបំភ្លេចបាន។
តាងនាម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន
ទូលព្រះបង្គំ យើងខ្ញុំជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមថ្វាយនូវមហាព្រះរាជកុសល ថ្វាយចំពោះ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះរាជវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់សោយសុខឋានសួគ៌ សុគតិភព និងអតីតព្រះរាជវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រមទាំងព្រះរាជវង្សានុវង្សគ្រប់ព្រះអង្គ សូមបានទទួលនូវឥដ្ឋមនុញ្ញផលហើយបានសោយក្នុងទីឋានបរមសុខឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ
និងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខ
សេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេង ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការកើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
នៅក្នុងពិធីបុណ្យបង្សុកូលនោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានប្រគេនចតុបច្ច័យ និងទេយ្យទានផ្សេងៗដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីនោះហើយពាំនាំយកនូវព្រះអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ និង ថវិកាផងដែរ។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធបរិស័ទទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តរៀងទៅ៕