អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី នាំយកទានព្រះវស្សា និង ទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តភ្នំព្រះទេវៈ
ខេត្តសៀមរាប៖ នៅវេលាព្រឹកថ្ងៃ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធ សករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ គឺជាថ្ងៃបុណ្យចូលព្រះវស្សា អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរដោយឯកឧត្ដម សាប់ តារា ឯកឧត្ដម ជួប រ៉ាឌូ ទីប្រឹក្សាផ្ទាល់ និងថៅកែហាងប៊ូហ្វេភូមិយើងបាននាំយកទានព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តភ្នំព្រះទេវៈ ស្ថិតក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីគ្នាធ្វើបុណ្យបង្សុកូល ថ្វាយជូនជីដូនជីតា និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនរុងរឿងដល់នគរភពផែនដែនកម្ពុជា និងប្រជានុរាស្រ្តខ្មែរគ្រប់ៗគ្នា ម្យ៉ាងវិញទៀតថ្ងៃ១៥កើតពេញបូណ៌មីនេះគឺជាថ្ងៃបុណ្យអាសាឡ្ហបូជា(អាសាឡាក់ហាក់បូជា)ខ្មែរយើងតែងតែជួបជុំធ្វើបុណ្យ រំលឹកគុណព្រះសម្មាសម្ពុទ្ធបរមគ្រូហើយឧទិ្ទសកុសលជូនដល់បុព្វការីជន ជាពិសេសរំលឹកនូវព្រះករុណាមហាទិគុណដ៏ធំធេងនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្សគ្រប់ព្រះអង្គ ក៏ដូចជាបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានបន្សល់ទុកនូវស្នាមព្រះហស្តជាកេរតំណែលរហូតមកដល់បច្ចុប្បន្ន។
តាងនាម អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន
ទូលព្រះបង្គំ យើងខ្ញុំជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមថ្វាយនូវមហាព្រះរាជកុសលថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានី ព្រមទាំងព្រះរាជវង្សានុវង្សគ្រប់ព្រះអង្គ
សូមបានទទួលនូវឥដ្ឋមនុញ្ញផលហើយបានសោយក្នុងទីឋានបរមសុខឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡើយនិងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេង ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការកើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
នៅក្នុងពិធីបុណ្យបង្សុកូល និងចូលព្រះវស្សានោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឯកឧត្ដម សាប់ តារា ឯកឧត្ដម ជួប រ៉ាឌូ ទីប្រឹក្សាផ្ទាល់ និងថៅកែហាងប៊ូហ្វេភូមិយើងបានប្រគេនចតុបច្ច័យ និងទេយ្យទានផ្សេងៗមានដូចជាទានព្រះវស្សា សាដក់ អង្ករ ត្រីខ ទឹកត្រី ទឹកសីអ៉ីវ ខ្ទឹមសរ ប៊ីចេង ស្កសរ មីកញ្ចប់ខារាបាវ ទឹកសុទ្ធ និងចតុបច្ច័យ ប្រគេន
ដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីនោះហើយបានយាងទតមើលប្រាសាទបុរាណដែលបានសាងសង់ដោយបុព្វបុរសដូនតាខ្មែរនៅលើខ្នងភ្នំផងដែរ។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធបរិស័ទទាំងអស់សូមមានសាមគ្គីភាព ភាតរភាពចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តរៀងទៅ៕