ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “វោហារឆ្នើម បន្ទាយមានជ័យ” នៅសាកលវិទ្យាល័យជាតិមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផងដែរ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំកម្មវិធីវោហារឆ្នើម ក៏ដូចជាក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី រៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសឲ្យក្មួយៗសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យ បានចូលរួមបង្ហាញភាពក្លាហាន និងបញ្ចេញសមត្ថភាពរបស់ខ្លួន តាមរយៈការនិយាយភាសាអង់គ្លេស ជាសាធារណៈ មានលក្ខណៈជាបុគ្គល និងដេញដោលជាក្រុម។ ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រុង លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលផ្តល់កិច្ចសហការ និងជួយសម្របសម្រួលក្នុងដំណើរការរៀបចំកម្មវិធីវោហារឆ្នើម តាំងពីវគ្គផ្សព្វផ្សាយ រហូតដល់ថ្ងៃបើក និងបន្តដល់វគ្គផ្តាច់ព្រ័ត្រ នាពេលខាងមុខ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានស្នើដល់អង្គពិធីទាំងមូល ចំនួន ១០ ចំណុច ដូចខាងក្រោម ៖ ១. ក្រុមការងារប្រតិបត្តិរៀបចំកម្មវិធី “វោហារឆ្នើម” ត្រូវបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអប់រំ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការងារទទួលលទ្ធផលល្អប្រសើរ តាមដំណាក់កាលនីមួយៗដែលបានគ្រោងទុក ។ ២. គណៈកម្មការបច្ចេកទេស ត្រូវពិនិត្យ និងជ្រើសយកវិញ្ញាសាដែលឆ្លុះបញ្ចាំងពីការដឹកនាំ របស់រាជរដ្ឋាភិបាល ពិសេសការអភិវឌ្ឍ និងការវិវឌ្ឍថ្មីៗ នៃសង្គមបច្ចុប្បន្ន និងពិភពលោក ។ ៣. បេក្ខជន បេក្ខនារី ដែលបានឆ្លងផុតវគ្គជម្រុះ (តេស្តផ្ទាល់មាត់) ត្រូវខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលបន្ថែមពីក្រុមការងារ គ្រប់ដំណាក់កាល ដើម្បីឈានទៅដណ្តើមជោគជ័យ ពេលខាងមុខ ។ ៤. ក្មួយៗគប្បីរៀបចំផែនការ និងកាលវិភាគនៃការស្វ័យសិក្សា ឱ្យបានហ្មត់ចត់ និងគ្រប់គ្រងពេលវេលា ឲ្យបានច្បាស់លាស់ នោះក្មួយៗ នឹងទទួលបានជោគជ័យ ទាំងការសិក្សានិងជោគជ័យផ្សេងៗទៀតនៅថ្ងៃអនាគត ។ ៥. ក្មួយៗត្រូវបន្តសិក្សាស្រាវជ្រាវនូវអ្វីដែលមានប្រយោជន៍ តាមប្រព័ន្ធអ៊ីនធឺណិត ឬបណ្តាញសង្គម ឬនៅតាមបណ្ណាល័យនានា ដែលទាំងអស់នេះជាឃ្លាំងចំណេះដឹង មិនចេះរីកស្ងួតនោះទេ ។ ៦. ក្មួយៗត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងចំណេះដឹង ចំណេះធ្វើ ប្រកាន់ខ្ជាប់នូវសីលធ៌មល្អនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសកម្មភាពសង្គម តាមលទ្ធភាពដែលអាចធ្វើបាន ព្រោះការងារនេះ គឺជាចំណែកមួយ នៃការបំនិនជីវិតសម្រាប់ប្អូនៗ ក្មួយៗ ទៅថ្ងៃខាងមុខ ។ ៧. ក្មួយៗគួរហ៊ានសាកល្បងចែករំលែកចំណេះដឹងរបស់ខ្លួនទៅកាន់អ្នកដទៃ តាមរយៈមធ្យោបាយផ្សេងៗ នោះអ្នកនឹងអាចហ្វឹកហាត់នូវសមត្ថភាពចំណេះដឹង ក៏ដូចជាទទួលបានមតិយោបល់ ផ្សេងៗពីអ្នកដទៃ ។ ៨. ក្មួយៗត្រូវសិក្សាពីមនុស្សដែលមានវ័យចំណាស់ ឬចាស់ជាងខ្លួន ពីព្រោះពួកគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍ និងអាចមានការយល់ដឹងណាមួយដែលអ្នកមិនធ្លាប់ជួប ។ ដូចពាក្យចាស់ធ្លាប់ពោលថា “ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់នោះទេ” ពាក្យនេះប្រសិន បើយើងស្តាប់ដំបូងហាក់ដូចនិយាយលេង ប៉ុន្តែបើពិចារណាឲ្យស៊ីជម្រៅ ពាក្យនេះមានន័យទូលំទូលាយណាស់...។ ៩. ក្មួយៗត្រូវរៀនស្វែងយល់ និងប្រតិបត្តិតាមអត្តចរិត បុគ្គលិកលក្ខណៈ និងទម្លាប់របស់អ្នកជោគជ័យនៅក្នុងការសិក្សា ទាំងការដេក ដើរ ឈរ អង្គុយ ខណៈអ្នកមិនគួរចាប់យកនូវទម្លាប់អាក្រក់របស់បុគ្គលទាំងនោះឡើយ ។ ១០. ត្រូវរួមគ្នាបន្តយកចិត្តទុកដាក់ពីសុខភាពទាំងអស់គ្នា ទាំងការសំអាត ធ្វើអនាម័យ បរិស្ថាន និងប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ព្រោះប្រទេសជិតខាងយើង មិនទាន់ថមថយនៅឡើយទេក្នុងឆ្នាំ២០២២នេះ។ បើតាមលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានគណៈកម្មការប្រតិបត្តិ រៀបចំកម្មវិធីវោហារឆ្នើម បានបញ្ជាក់ថា៖ កម្មវិធីវោហារឆ្នើម បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ក្រោមការយកចិត្តទុកដាក់ និង ឧបត្ថម្ភដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ កែ សួនសុភី។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ទៀតថា៖ កម្មវិធីវោហារឆ្នើម បង្កើតឡើងក្នុងគោលបំណងរួមមាន៖ ទី១. ស្វែងរកអ្នកមានសមត្ថភាពនិយាយភាសាអង់គ្លេស ប្រចាំស្រុក ក្រុង និង ខេត្ត។ ទី២. បង្កើតឱកាស និងជំរុញភាពក្លាហានដល់សិស្សវិទ្យាល័យ ដែលបានចូលរួមប្រកួតក្នុងកម្មវិធី ដែលមានការវាយតម្លៃត្រឹមត្រូវ និង សុក្រឹត។ និងទី៣. ពង្រឹងសមត្ថភាពសិស្សទៅលើជំនាញភាសាអង់គ្លេស ដើម្បីប្រឡូកក្នុងវិស័យទំនាក់ទំនងការងារតំបន់អាស៊ាន នាពេលថ្ងៃនាគត ។ គួររំលឹកជូនថា កម្មវិធីវោហារឆ្នើម ក្រោមការ ឧបត្ថម្ភ ដោយឯកឧត្តម ស សុខា និងលោកជំទាវ បានធ្វើឡើងចំនួន ២លើក រួចមកហើយ គឺទី១. នៅខេត្តព្រៃវែង កាលពីឆ្នាំ២០១៩ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង មានចំនួន ១៣៧ នាក់ និងទី២. នៅខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង មានចំនួន ២០៤ នាក់ ។ ដោយឡែកនៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃនេះ ជាលើកទី៣ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង មានចំនួនកើនដល់ ៣៨៨ នាក់ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា