អ៊ីស្រាអែល នៅបន្តការវាយឆ្មក់តាមអាកាសសម្លាប់មនុស្ស ៤៦ នាក់ទៀតនៅហ្គាហ្សា.!!!
នាថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣នេះ យ៉ាងហោចណាស់មនុស្ស៤៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់តាមផ្លូវអាកាសពេញមួយយប់ពីសំណាក់យោធារបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ខណៈក្នុងចំណោមអ្នកស្លាប់ទាំងនោះរួមមាន ២៤ នាក់ ជាសមាជិកក្រុមគ្រួសារ al-Motawwaq រស់នៅនៅទីក្រុង Jabalia ។
ចំណែក១០នាក់ទៀត គឺជាសមាជិកក្រុមគ្រួសារ al-Ajrami រស់នៅទីក្រុង Jabalia ដូចគ្នា ខណៈមនុស្ស៥នាក់មកពីគ្រួសារ Khader ហើយក្នុងនោះមានកុមារ៤នាក់ និងស្ត្រីម្នាក់ផងដែរ។
ស្របពេលជាមួយគ្នានេះ មនុស្ស៧នាក់ផ្សេងទៀតដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល គឺជាអ្នករស់នៅកណ្តាលទីក្រុង Deir el-Balah និងជំរុំជនភៀសខ្លួន al-Bureij កណ្តាលតំបន់ហ្គាហ្សា។
សូមបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា បានអូសបន្លាយពេលដល់ថ្ងៃ១៤ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជិត ៤,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សប្រមាណ ១២,០០០ នាក់បានរងរបួស។
ខណៈសភាពការកំពុងតានតឹង ប្រជាពលរដ្ឋ អ៊ីស្រាអែល ៨០ភាគរយ បានស្តីបន្ទោសទៅដល់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលអោយក្រុមហាម៉ាស់វាយចូលបាន ចំពោះការបរាជ័យក្នុងការទប់ស្កាត់ព្រឹត្តិការណ៍វាយប្រហារដ៏ឃោរឃៅពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាកន្លងមកនេះ៕
ប្រែសម្រួលដោយ: លោក ស៊ុយ វុទ្ធី