អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ បានយាងចុះសួរសុខទុក្ខប្រជានុរាស្ត្រ នៅស្រុកស្នួល ខេត្តក្រចេះ...
ខេត្តក្រចេះ៖ នៅវេលាល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ អមដំណើរដោយឯកឧត្តមទីប្រឹក្សា និងសហការី បានចុះសាកសួរសុខទុក្ខប្រជានុរាស្ត្រចំនួន២២០គ្រួសារ ស្ថិតនៅចំណុចអូរនិមិត្ត ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយលាយឡំ និងទឹកភ្នែក ចំពោះវត្តមាន ប្រជានុរាស្ត្រក្មេង ចាស់ ប្រុស ស្រី បានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយបានសំណេះណាលសាកសួរសុខទុក្ខអំពីជីវភាពរស់នៅ និងការប្រកបរបរអាជីវកម្ម របស់បងប្អូនប្រជានុរាស្ត្រ នៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងការអាណិតអាសូរជាទីផុត ។ដោយសារស្ថានភាពផ្លូវធ្វើតំណើរទៅកាន់តំបន់នោះ មានការលំបាកខ្លាំង ទើបបណ្តាលអោយការជួបជុំសំណេះសំណាល ត្រូវបន្តរហូតដល់យប់ដែលបង្ខំអោយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងសហការីត្រូវសម្រាកនៅទីនោះពេញមួយយប់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គ ។
យោងតាមការទូលថ្វាយពីប្រជានុរាស្ត្រនៅតំបន់នោះ បានរៀបរាប់ថា ពួកគាត់ទាំង២២០គ្រួសារមានជីវភាពខ្វះខាត និងលំបាកខ្លាំងណាស់ ដោយសារតែដីធ្លី ដែលពួកគាត់កំពុងអាស្រ័យផលជាតំបន់ដាច់ស្រយ៉ាល ខែប្រាំងខ្វះទឹកប្រើប្រាស់ ដល់ខែវស្សារមិនអាចបង្ករបង្កើនផលបានទៀត ព្រោះអាជ្ញាធរខេត្តមណ្ឌលគិរីតែងតែមកកាប់បំផ្លាញ់ផលដំណាំរបស់ប្រជាពលរដ្ឋ និងធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋខ្សត់ខ្សោយឥតឈប់ឈរ។ហើយប្រជាពលរដ្ឋមានចម្ងល់ថាហេតុអ្វីអាជ្ញាធរខេត្តមណ្ឌលគិរីមកធ្វើបាបពួកគាត់ដែលរស់នៅលើទឹកដីខេត្តក្រចេះទៅវិញ ជាងនេះទៅទៀតអាជ្ញាធរខេត្តមណ្ឌលគិរីបានចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងតំបន់នោះចំនួនបួននាក់ ដោយក្នុងនោះមានក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ផងដែរ ការចាប់ប្រជាពលរដ្ឋដែលមិនបានប្រព្រឹត្តបទល្មើស គឺជាអំពើអយុត្តិធ៌មបំផុត ។ហេតុដូចនេះសូមអស់លោកអជ្ញាធរ មេត្តាដោះលែងពួកគាត់អោយមានសេរីភាពវិញផង ស្តាប់ហើយខ្ញុំពិតជាក្តុកក្តួលអួលណែនខ្លាំងណាស់ ក្នុងនាមខ្ញុំផ្ទាល់ អ្នកអង្គ ស៊ីសុវត្ថិ សិទ្ធិដែន សូមសំណូមពរដល់ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី សូមឯកឧត្ដមមេត្តាជួយសម្របសម្រួលដោះលែងពួកគាត់ទាំង៤រូប អោយមានសេរីភាពវិញផង ក្រោមម្លប់ដំបូលសន្តិភាពតែមួយមិនគួរណារាស្ត្រត្រូវស្រក់ទឹកភ្នែកដោយភាពអយុត្តិធម៌ឡើយ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ មានបីតិសោមនស្សរីករាយពន់ពេកចំពោះការទទួលបដិសណ្ឋារកិច្ច ប្រកបដោយក្តីរីករាយ លាយឡំដោយទឹកភ្នែក និង សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានជូនថវិកា៤០ម៉ឺនរៀលដល់គ្រួសារអ្នកជាប់ឃុំទាំង៤រូបដោយក្នុងមួយគ្រួសារៗទទួលបាន១០ម៉ឺនរៀល។ប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រក្រីក្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តរងទុក្ខ និងខ្វះខាតបន្ថែមទៀត។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់មន្ត្រីទាំងអស់អោយស៊ូលំបាកដើរជូតទឹកភ្នែករាស្ត្រ កុំទ្រាំលំបាកហែលទឹកភ្នែករាស្ត្រ និងសូមបងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ៕