ខេត្តព្រៃវែង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកបង្ហាញពីជោគជ័យធំៗជាប្រវត្តិសាស្ត្រ ចំនួន ៥ ដែលកម្ពុជាសម្រេចបាន ទាំងក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ជូនដល់អ្នកចូលរួមជាង ២ពាន់នាក់ ក្នុងស្រុកស៊ីធរកណ្តាល។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២ ២៧២នាក់ ក្នុងស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ជោគជ័យធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលឯកឧត្តម ស សុខា បានលើកឡើងនាឱកាសនោះ រួមមាន ៖ ទី១. ក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់ជាប្រវត្តិសាស្ត្រ ក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន កាលពីឆ្នាំ២០២២ កន្លងមកនេះ។ ទី២. កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ ដែលកម្ពុជារង់ចាំឱកាសនេះអស់រយៈពេលជាង ៦០ឆ្នាំ មកហើយ។ ជាលទ្ធផលក្នុងការរៀបចំនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង និងទទួលបានមេដាយសរុប ចំនួន ២៨២គ្រឿង (មេដាយមាស ៨១ មេដាយប្រាក់ ៧៤ មេដាយសំរឹទ្ធ ១២៧) និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (១១ប្រទេស)។ ទី៣. កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយរកដំណោះស្រាយចំពោះវិបត្តិដ៏ស្មុគស្មាញនៅប្រទេសមីយ៉ាន់ម៉ា និងបានចូលរួមបំពេញតួនាទីយ៉ាងសកម្មជាច្រើនទៀតក្នុងតំបន់។ ទី៤. ក្នុងក្របខណ្ឌអន្តរជាតិ ក្នុងនាមជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មលើកិច្ចការជាច្រើនដូចជា ៖ កម្ពុជាបានធ្វើជាសហស្ថាបនិកក្នុងការបោះឆ្នោតគាំទ្រសេចក្តីសំរេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិប្រឆាំងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ទី៥. កម្ពុជាបានបញ្ជូនកងកម្លាំងជាង ៨ ៣០០នាក់ តាំងពីឆ្នាំ២០០៦ មក ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសចំនួន ៩ រួមមាន ៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រិ្វកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺ និងយេមែន។ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងការងារការបរទេស គឺបានលើកកម្ពស់តួនាទី និងកិត្យានុភាពព្រះរាជាណាចក្រកម្ពុជាយើង នៅលើឆាកតំបន់ និងអន្តរជាតិ ដែលនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេលជិត ៥ឆ្នាំ មកនេះ រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានដឹកនាំអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានប្រកាសជូនប្រជាពលរដ្ឋកាលពីដើមអាណត្តិ។ ឯកឧត្តមបន្តទៀតថា ស្នាដៃ និងសមិទ្ធផលទាំងនេះ បានមកដោយសារការចូលរួមលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែង និងការសម្រេចបាននូវសមិទ្ធផលសង្គមលើគ្រប់វិស័យ បានធ្វើឲ្យប្រទេសកម្ពុជា មានការប្រែប្រួលផ្លាស់ប្តូរមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ ដោយបានប្រែក្លាយឋានៈកម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត មកកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា