ទំនាស់ដីផ្លូវ៥ម៉ែត្រ ក្រុមគ្រួសារលោកយាយ ជា ជិន ចង់គាំងបេះដូងស្លាប់ ស្រែកដង្ហោយសុំអោយសម្តេចតេជោ ជួយរកយុត្តិធម៌.!!!
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមគ្រួសារលោកយាយ ជា ជិន ភាគីចុងចោទ កើតទុក្ខមិនសុខចិត្ត ទាំងម្តាយខ្លួនចាស់ជរាមានអាយុ ៧៣ឆ្នាំ កំពុងមានជម្ងឺប្រចាំកាយ ធ្ងន់ធ្ងរ ដេកនៅនឹងកន្ទេល បាននាំគ្នា ប្រតិកម្ម ទៅលើលិខិតមួយច្បាប់របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ចេញសាលក្រមលេខ: ១២"ជ"/៨៥ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៃសំណុំរឿងរដ្ឋបវេណីលេខ: ១៥៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលអង្គហេតុ រឿងក្រុមគ្រួសារនាងខ្ញុំធ្វើរបងព័ទ្ធព្រំដីកម្មសិទ្ធិខ្លួនឯងសោះ បែជាសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រកាសសាលក្រមកំបាំងមុខ ចុងចម្លើយ កាត់ក្តីអោយម្តាយពួកខ្ញុំឈ្មោះ ជា ជិន ចាញ់ក្តី ដើមចោទឈ្មោះ លួស វណ្ណ្ណា និង កៃ យ៉ាំ ដែលបានដាក់ពាក្យប្តឹងបំភ្លៃទាំងពីការពិត ចូលទៅសាលាដំបូងខេត្ត ព្រោះតែខ្លួនមានលុយ មាន បក្សពួក អាងខ្សែ អាងខ្នងបង្អែក ទើបចង់បានកន្ទុយដី ក្រុមគ្រួសារនាងខ្ញុំ ទទឹង ៥.៦០ម៉ែត្រ ដើម្បីទំលាយធ្វើផ្លូវចេញចូលមកផ្លូវជាតិលេខ៥ ថាដីនោះ ជាដីសាធារណៈរបស់រដ្ឋ បែរជាចោទម្តាយយើងខ្ញុំ ជា ជិត ថាហ៊ានធ្វើរបងព័ទ្ធរំលោភយកដីសារធារណៈរដ្ឋទៅវិញ ទាំងដែលដីនេះ ជាដីក្រុមគ្រួសារយើងខ្ញុំផ្ទាល់ បានរស់នៅអស់រយៈ៤០ឆ្នាំជាងមកហើយ។
បើយោងតាម ឃ្លីបវីដេអូ និងពាក្យសុំអះអាងពីម្ចាស់ដីដើមផ្ទាល់ឈ្មោះ តាំង ទូចសោភី ដែលមានដីជាប់ព្រំរបងប៉ែកខសងលិច បានលើកឡើងថា ដីដែលលោកយាយ បានលក់កន្ទុយដីដែលមានទទឹង ៨ម៉ែត្រ គុណបណ្តោយ ១៤ម៉ែត្រ ស្មើ=១១២ម៉ែត្រការ៉េ ក្នុង តំលៃ ២៥០០ដុល្លារអាមមេរិកគត់ អោយទៅឈ្មោះ លួស វណ្ណា និង កៃ យ៉ាំ ដែលមានទីតាំងស្ថិតនៅ ភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ហើយដីនោះមិនមានមុខ រឺផ្លូវ បែរទៅរកផ្លូវជាតិលេខ៥ ដូចដែល លួស វណ្ណា និយាយទេ ព្រោះដីជាកន្ទុយដីផ្ទះរបស់នាងខ្ញុំ។ នាងខ្ញុំ តាំង ទូចសោភី សូមបញ្ជាក់ថា ដីនេះជា ដីផ្លូវទាល់ មិនមានផ្លូវចេញទៅណានោះទេ ក្រែងពុំពិតប្រាកដ នាងខ្ញុំសូមផ្តិតមេដៃស្តាំទុកជាភស្តុតាងចំពោះមុខច្បាប់ ធ្វើនៅបន្ទាយមានជ័យ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់: លោកយាយម្ចាស់ដីដើម ឈ្មោះ តាំង ទូចសោភី មានអាយុ ៧១ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 190805957 ជនជាតិខ្មែរ ដែលមានទីលំនៅ ភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន បាន អនិច្ចកម្មទៅហើយ។
ក.ដើមចោទ ឈ្មោះ លួស វណ្ណា ភេទស្រី កើតឆ្នាំ១៩៥៩ សញ្ជាតិខ្មែរដែលមានអាសយដ្ឋានបច្ចុប្បន: ភូមិគោកស្វាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ខ.ចុងចម្លើយ: ឈ្មោះ ជា ជិន ភេទស្រី អាយុ ៧៣ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអាសយដ្ឋានបច្ចុប្បន: ភូមិគោកស្វាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធរឿងវិវាទដីផ្លូវខាងលើ ភាគីចាញ់ក្តីបានស្រែក អយុត្តិធម៌ និងស្រែកទាមទាររកយុត្តិធម៌ បានទូចស្នើសុំអោយ សាលាដំបូងខេត្តបន្ទាយមានជ័យ និងចៅក្រម មេធាវី រួមនិង លោកប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ មេត្តាដឹកនាំកម្លាំងចុះមកធ្វើការវាស់វែងសារជាថ្មី និងធ្វើការសាកសួរប្រជាពលរដ្ឋជាសាក្សីដែលរស់នៅជាប់ព្រំដីក្បែរគ្នានោះឡើងវិញ ដើម្បីក្រុមគ្រួសារ នាងខ្ញុំ ជា ជិន បានដីនោះមករស់នៅដាំដុះអាស្រ័យផលឡើងវិញ។
ជាចុងក្រោយក្រុមគ្រួសារនាងខ្ញុំ ជា ជិន មានតែសូមលើកម្រាមដៃដប់ សំណូមពរទៅដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាពិសេស សូមសំណូមពរទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចទាំងថ្វេ ជួយរកយុត្តិធម៌ រឿងដីធ្លីកូនចៅ ដែលកំពុងតែបាត់កន្ទុយដីផ្ទះ ទំហំទទឹង ៥,៦០ម៉ែត្រ ដែលសាលាដំបូងខេត្តបន្ទាយមានជ័យកាត់ក្តីអោយចាញ់ទាំងអយុត្តិធម៌ ដែលមានចៅក្រមជំនុំជម្រះ លោក ស៊ឹម ពិចិត្រ លើប្រាក់ប្រដាប់ក្តី នឹងប្រាក់ពន្ធផ្សេងៗ និងអោយរុះរើរបងចេញពីព្រំដី ៥,៦០ម៉ែត្រ និងបង់សំណងការខូចខាតអោយដើមចម្លើយ លួស វណ្ណា និងសងសំណងជំងឺចិត្តចំនួន ១០លានរៀល តើអោយកូនចៅនាងខ្ញុំដែលជាចុងចម្លើយ រកប្រាក់មកពីណា បើខ្លួនចាស់ជរា លក់នំបំពង់ បានព្រឹកខ្វះល្ងាច ទាំងខ្លួនមានជម្ងឺប្រចាំកាយថែមទៀត តើអោយកូនចៅរំពឹងទៅលើអ្វី? ទាំងដែលក្រុមគ្រួសារនាងខ្ញុំ ជា ជិន បានរស់នៅលើដីនោះតាំងពីឆ្នាំ១៩៨០ជាង និង មានផ្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់ ដែលមានលេខក្បាលដី: 144 ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រថាប់ត្រា លី សារី ធ្វើនៅបន្ទាយមានជ័យ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១ មកម្ល៉េះ។
ជុំវិញនៃការចុះផ្សាយខាងលើ សារព័ត៌មានយើងខ្ញុំគ្រាន់តែជាព្រាបនាំសារ ពីទុកលំបាករបស់ប្រជាពលរដ្ឋ ជូនដល់រាជរដ្ឋាភិបាលឲ្យបានជ្រាបជាព័ត៌មាន ពីរឿងអាក្រក់ និងរឿងល្អ ក្នុងសង្គម តែប៉ុណ្ណោះ មិនមានចេតនាសរសេរមួលបង្កាច់ បង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាម្នាក់ឲ្យរើសអើងឡើយ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថាការចុះផ្សាយមួយនេះមិនមានភាព សុក្រិត និងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ តាមរបប ស្តីពី វិជ្ជាជីវៈនៃក្រសួងព័ត៌មាន សូមអរគុណ៕