ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជម្រាបជូនឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នូវកិច្ចការសំខាន់ៗ ៦ចំណុច ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតអោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តម ឯកអគ្គរាជទូតជប៉ុន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូនឯកអគ្គរាជទូតជប៉ុន ថា ចាប់តាំងពីទទួលបាននូវការតែងតាំងជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នេះជាជំនួបលើកទី១ ហើយរវាង ឯកឧត្តមអភិសន្តិបណ្ឌិត ជាមួយឯកអគ្គរាជទូតបរទេស។ ជាការឆ្លើយតបឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានចូលរួមអបអរសាទរចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបឯកឧត្តម និងគណៈប្រតិភូ ហើយឯកឧត្តម ពិតជាមានសេចក្ដីរីករាយ ក្នុងនាមជាឯកអគ្គរាជទូតទី១ ដែលបានចូលជួបសម្ដែងការគួរសមចំពោះឯកឧត្តមអភិសន្តិបណ្ឌិត។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ថា កន្លងមក សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ការគាំទ្រជាច្រើន ជាពិសេសនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា។ ឯកឧត្តមសង្ឃឹមថា ការលើកកម្ពស់ទំនាក់ទំនងជិតស្និត នឹងនៅតែបន្តជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងអាណត្តិបន្ដនេះផងដែរ។ បន្ថែមពីនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានបន្ដវិវត្តន៍យ៉ាងល្អប្រសើរឥតឈប់ឈរ ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ហើយពិសេសទៀតនោះ គឺនៅក្នុងឆ្នាំនេះ គឺជាខួបទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាពេលវេលាប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់កិច្ចការផ្សេងៗទៀត តួយ៉ាង ការងាររៀបចំការបោះឆ្នោត ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតជប៉ុន នូវការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកិច្ចការសំខាន់ៗដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន ៦ រួមមាន ៖ ទី១. ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី២. ការពង្រឹងនូវសមត្ថភាពចរាចរណ៍ ទី៣. ការទប់ស្កាត់នូវអំពើចោរកម្ម និងអំពើល្មើសផ្សេងៗ ទី៤. ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ទី៥. ការកេងប្រវ័ញ្ចផ្លូវភេទ និងទី៦. ការពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងការពារតាមព្រំដែន។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានជម្រាបជូនឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ថា រាជរដ្ឋាភិបាលជប៉ុន ក៏បានផ្តោតការយកចិត្តទុកដាក់ចំពោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើយុទ្ធសាស្ត្រ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បន្តទៀតថា កិច្ចការដែលក្រសួងមហាផ្ទៃ បានផ្តោតក៏ស្របទៅនឹងកិច្ចការសមត្ថកិច្ចរបស់នគរបាលជប៉ុន ដែលកិច្ចការនេះ នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ។ សូមជម្រាបជូនដែរថា នៅក្នុងជំនួបនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ក៏បានពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់លើកិច្ចការងារមួយចំនួនទៀត ដូចជា ៖ ការបណ្តុះបណ្តាលធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា ការលើកម្ពស់ការផ្តល់សេវាក្នុងពន្ធនាគារ និងការជំរុញ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ស្របតាមបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា