ខេត្តព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១ ៥០០នាក់ នៅឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ពាក់ព័ន្ធដល់បញ្ហាសេវាសុខភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅពេលដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យនៅស្រុកកោះធំ ខេត្តកណ្តាល នាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកំពុងតែទម្លាក់ថវិកាទិញថ្នាំ ដែលប្រជាពលរដ្ឋត្រូវការដូចជា ៖ ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការលំបាកដល់អ្នកជំងឺដែលត្រូវការថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ដែរថា បញ្ហាជំងឺលើសឈាម (លើសម្ពាធឈាម) និងជំងឺទឹកនោមផ្អែម មួយរយៈចុងក្រោយនេះ កត់សម្គាល់ឃើញថា ជំងឺទាំងពីរនេះ ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់នៅកម្ពុជា មិនត្រឹមតែនៅតាមទីក្រុង ទីប្រជុំជន ឬនៅតាមជនបទស្រុកស្រែនោះទេ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា ចំពោះមូលហេតុចម្បងដែលនាំឱ្យកើតមានជំងឺដ៏ពេញនិយមទាំងពីរនេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញពន្យល់ថា បណ្តាលមកពីកត្តាហូបចុក ឬរបបអាហារប្រចាំថ្ងៃសំខាន់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះអ្នកកើតជំងឺលើសឈាម ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាពជាច្រើន រហូតបណ្តាលឱ្យមានហានិភ័យខ្ពស់ដល់អាយុជីវិត ដូចជា ៖ បង្កជាជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង ជំងឺខ្សោយបេះដូង ជំងឺខ្សោយតំរងនោម ជំងឺងងឹតភ្នែក ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ ។ល។ និង។ល។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ ស.ស.យ.ក. ស្រុក រដ្ឋបាលស្រុកពាមជរ ជាពិសេសក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា កម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលជាការឆ្លុះបញ្ចាំងឱ្យនូវស្មារតីសាមគ្គីភាព និងសង្គហភាពនៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តាំផ្ញើដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនាឱកាសនោះទាំងអស់ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់តាមដាន និងថែរក្សាសុខភាព ឱ្យបានជាប្រចាំ។ ត្រូវរក្សាឱ្យបាននូវក្បួនអនាម័យដែលក្រសួងសុខាភិបាល បានណែនាំគឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ឱ្យបានគ្រប់ពេលវេលា និងជួយអប់រំ រំលឹកទៅដល់កូនចៅឱ្យខិតខំរៀនសូត្រ ព្រមទាំងចៀសឱ្យឆ្ងាយគ្រឿងញៀន និងល្បែងទាំងឡាយដែលនាំមកនូវក្តីវិនាសអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា