អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ និង ឯកឧត្ដម សាស្ត្រាចារ្យ ប៉ោយ ឈិនឡុង រួមទាំងសហការីយាង និងអញ្ជើញចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធីដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន អាជ្ញាធរមូលដ្ឋាន មន្រ្តីកងកម្លាំងដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រី ប្រជាពលករ និងអាជីវករបានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយបានសំណេះណាលសាកសួរសុខទុក្ខបងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម។
ថ្លែងក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ បានផ្តាំផ្ញើអោយពលករចំណាកស្រុកទៅធ្វេីការនៅប្រទេសថៃ
ត្រូវគោរពច្បាប់ប្រទេសជាសាម៉ី និងច្បាប់ការងារអោយបានខ្ជាប់ខ្ជួនដើម្បីពង្រឹងជីវភាពគ្រួសាររៀងៗខ្លួន។ ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន រួមទាំងក្រុមការងារ និង អ្នកស្រី ចន្ធី បាននាំយកអំណោយចែកជូនដល់បងប្អូនពលករខ្មែរ រួមនិងមន្រ្តីប្រចាំការមុខច្រកដូង រួមមានបាយចំនួន៣០០ប្រអប់ និង ទឹកសុទ្ធ ចំនួន១៥០ សិបយួរ ក្រម៉ាកន្សែងខ្មែរ ចំនួន១០០។
ក្នុងនោះអ្នកអង្គម្ចាស់ បានជូនទឹកសុទ្ធចំនួន១០០យួរ និងថវិកា៥០០,០០០(ហាសិបម៉ឺនរៀល)ព្រមទាំងក្រម៉ាទុកជាអនុស្សាវរីយ៍ដល់បងប្អូនមន្រ្តីជាច្រើនផ្នែកដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងផងដែរ។
បន្ទាប់មក អ្នកអង្គម្ចាស់រួមនឹងក្រុមការងារ បានយាងនិងអញ្ជើញបន្តចុះសួរសុខទុក្ខអាជីវករនៅក្នុងផ្សារខេ.អ.ឌី (K.R.D)បន្តទៀត។ តាងនាមអ្នកអង្គម្ចាស់ផ្ទាល់
សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណ: រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
ជាមួយគ្នានោះដែល កងកម្លាំងមន្ត្រីចម្រុះ និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេក ចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តបន្ថែមទៀត។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន សូមផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែល បុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ៕