ខេត្តកណ្តាល៖ មានសេចក្ដីរាយការណ៍ព័ត៌មានថា នៅមូលដ្ឋានទឹកដីស្រុកលើកដែក មានទីតាំងកាស៊ីណូមួយកន្លែង ដែលមានស្លាកយីហោ «ថ្មពេជ្រ» នៅតំបន់ព្រំដែនច្រកទ្វារអន្តរជាតិក្អមសំណ ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល មានការបើកសង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទ ដោយអនុញ្ញាតិអោយជនជាតិខ្មែរចូលលេងភ្នាល់ដាក់លុយរាប់ពាន់ដុល្លារ ម៉ាសសេរី។ យោងតាមប្រភពបានឲ្យដឹងថា អ្នកចូលលេងល្បែងមានទាំងពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ហើយភាគច្រើនលើសលប់ជាពលរដ្ឋខ្មែរដែលចូលចិត្តលេងល្បែងបញ្ជល់មាន់ អាប៉ោង បៀ និងយូគី ខណៈដែលសមត្ថកិច្ចប្រចាំកាស៊ីណូថ្មពេជ្រ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ចំណែកអាជ្ញាធរ បានរក្សាភាពស្ងៀមស្ងាត់បើកភ្លើងខៀវម្ចាស់កាស៊ីណូថ្មពេជ្រ ច្រកក្អមសំណ បំពានច្បាប់បានយ៉ាងរលូន។ បើតាមការបង្ហើបពីអ្នកចូលទៅក្នុងកាស៊ីណូថ្មពេជ្រ ច្រកក្អមសំណ បានឲ្យដឹងថា កាស៊ីណូនេះ មានមន្ត្រីយោធាធំម្នាក់នៅពីក្រោយខ្នងទើបអាចបើកល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយកៀងគរពលរដ្ឋខ្មែរឲ្យចូលលេងល្បែងយ៉ាងពពាក់ពពូន។ ប្រភពបានបង្ហើបឲ្យដឹងទៀតថា ជាមួយគ្នានោះក៏មានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីជំនាញ អាជ្ញាធរ ប៉ូលីសប៉ុស្តិ៍ច្រកទ្វារអន្តោប្រវេសន៍ច្រកក្អមសំណ សហការគ្នាជាមួយមេការកាស៊ីណូ រត់ការឲ្យជនជាតិវៀតណាមអន្តោប្រវេសន៍ខុសច្បាប់ គ្មានប៉ាស្ព័ អាចចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក ហើយម្ចាស់កាស៊ីណូប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយក្នុងជនជាតិវៀតណាមម្នាក់ ត្រូវបង់ចាប់ពី ១សែនដុង ទៅ ៤សែនដុង (លុយវៀតណាម) ចូលតាមច្រករបៀងមាត់ទន្លេ។ យោងតាមប្រភពពីមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាស៊ីណូថ្មពេជ្រ "ច្រកក្អមសំណ" ខាងលើនេះ អាជ្ញាប័ណ្ណត្រូវបានផុតសុពលភាពយូរមកហើយ ខណៈដែលម្ចាស់កាស៊ីណូនៅតែបន្តជួលឱ្យថៅកែជនជាតិវៀតណាម បើកលេងល្បែងគ្រប់ប្រភេទដដែល។ ទោះជាយ៉ាងណា នេះគ្រាន់តែជាប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបានតែប៉ុណ្ណោះ ការពិតយ៉ាងណាវិញ អង្គភាពសារព័ត៌មានយើងនៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីម្ចាស់កាស៊ីណូ ក៏ដូចជាមន្ត្រីប៉ុស្តិ៍ច្រកទ្វារអន្តោប្រវេសន៍ក្អមសំណនៅឡើយទេ។ ជាក់ស្ដែង កាលពីថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២៤ អ្នកសារព័ត៌មានជាច្រើនអង្គភាព បានមកធ្វើការចុះយកព័ត៌មានផ្ទាល់នៅខាងមុខកាស៊ីណូថ្មពេជ្រ ច្រកក្អមសំណ ហើយក៏បានឃើញថាពិតជាមានពលរដ្ឋខ្មែរ និងវៀតណាមចេញចូលលេងល្បែងយ៉ាងច្រើនសន្ធឹកសន្ធាប់ស្រែកហូរត្រហឺងអឺងកងពិតប្រាកដមែន។ យោងតាមសេចក្តីណែនាំ ស្ដីពីការរឹតត្បិតពីការលេងល្បែងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អាជ្ញាធរត្រូវហាមដាច់ខាត មិនឲ្យពលរដ្ឋខ្មែរទូទៅ និងបុគ្គលមួយចំនួនទៀត ចូលលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជាឡើយ។ តាមរយៈសេចក្ដីណែនាំ ស្ដីពីការរឹតត្បិតពីការលេងល្បែង ក្នុងកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្នុងករណី ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ មិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម រដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ប៉ុន្តែផ្ទុយទៅវិញ កាស៊ីណូថ្មពេជ្រ ច្រកក្អមសំណ បែរជាបណ្ដែតបណ្ដោយបើកដៃឲ្យពលរដ្ឋខ្មែរទូទៅ ទៅលេងបានដោយរលូន មិនថាចាស់ឬក្មេង ប្រុសឬស្រីឬមន្ត្រីរាជការឱ្យតែមានប្រាក់គឺអាចចូលលេងល្បែងគ្រប់ប្រភេទបានម៉ាសេរី។ ទង្វើទាំងនេះ សរបញ្ជាក់ឲ្យឃើញថា កាស៊ីណូថ្មពេជ្រ ច្រកក្អមសំណ ហាក់កំពុងផ្គើននឹងបទបញ្ជាសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ខណៈដែលលោកកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ រក្សាស្ថេរភាពសន្តិសុខនៅក្នុងសង្គម។ ដោយសារមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានយ៉ាងគគ្រឹកគគ្រេងបែបនេះ ពលរដ្ឋបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ពោលគឺ ជីវភាពប្រជាពលរដ្ឋ អ្នកញៀនល្បែងមួយចំនួនធ្លាក់ដុនដាប អស់ទ្រព្យសម្បត្តិ អស់ម៉ូតូ អស់ឡាន រីឯក្រុមគ្រួសារខ្លះទៀត ឈានទៅដល់ការឈ្លោះប្រកែកគ្នា ប្រើអំពើហិង្សា បែកបាក់គ្រួសារ និងលែងលះគ្នាក៏មានដែរ។ អាស្រ័យហេតុនេះ សូមគោរពជូនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្រសួងពាក់ព័ន្ធ ជាពិសេសគណៈកម្មការគ្រប់គ្រងល្បែងកម្ពុជា មេត្តាមានវិធានការ ចុះត្រួតពិនិត្យកាស៊ីណូថ្មពេជ្រចក្អមសំណ ក៏ដូចជាអាជ្ញាបណ្ណ ផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា