ពីវេទិកាអធិបតីនៃពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។ អង្គការយូនីសេហ្វ បានចាប់ផ្តើមធ្វើការដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ចាប់ពីឆ្នាំ២០១៨មក។ អង្គការអន្តរជាតិមួយនេះ បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិស័យសុខាភិបាល កម្មវិធីអាហារូបត្ថម្ភ វិស័យទឹកស្អាត និងអនាម័យ មានទំហំថវិកាសរុបជាមធ្យមក្នុងរង្វង់ ២០លានដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។ សិក្ខាសាលានាថ្ងៃនេះ គឺជាការបន្តបេសកកម្មរវាងយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយល់ដឹងកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយអំពី អភិក្រមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ លើភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២៤ ដល់២០២៨ និងដើម្បីធានាឱ្យការអនុវត្តផែនការរំកិលរយៈពេល ២ឆ្នាំ២០២៤-២០២៥ និងផែនការឆ្នាំបន្តបន្ទាប់ប្រព្រឹត្តទៅដោយរលូន ដោយផ្ដោតលើខេត្តគោលដៅចំនួន ៦ រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការនេះ និងបានបង្ហាញការកត់សម្គាល់ថា កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់សិទ្ធិកុមារ និងទទួលបានការវាយតម្លៃជាវិជ្ជមានពីអង្គការសហប្រជាជាតិផងដែរ។ លោកក៏បង្ហាញការកត់សម្គាល់អំពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក៏បានដាក់បញ្ចូលនូវយន្តការធានាការអភិវឌ្ឍធនធានមនុស្ស រួមទាំងគោលនយោបាយគាំពារកុមារ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្រ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីជាម្តាយ និងកុមារ ព្រមទាំងជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចីរភាព និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា