ពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់អាវភ្លៀវ ចំនួន ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាសម្រួលចរាចរណ៍ទូទាំងប្រទេស ដើម្បីប្រើប្រាស់ពេលបំពេញភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។ ក្នុងពិធីសំណេះសំណាលប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យនៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋ មានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។ បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបន្តណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យាចំណុះការិយាល័យនគរបាលចរាចរណ៍សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការនឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ក្រោមដំណក់ទឹកភ្លៀងក្តី ជួយសម្រួលការកកស្ទះចរាចរណ៍ ព្រមទាំងជួយការពារក្បួនថ្នាក់ដឹកនាំផ្សេងៗ និងបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួន មានស្ថានភាពចរាចរណ៍និងមានរបៀបរៀបរយសណ្តាប់សាធារណៈល្អ កន្លងទៅ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ឱ្យដឹងថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨ ខាងមុខនេះ រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ក្នុងការផ្តល់ក្របខណ្ឌមន្ត្រីនគរបាលចរាចរណ៍ ៣០នាក់ ក្នុងមួយឆ្នាំ ដោយវាយតម្លៃជ្រើសរើសយកពីមន្ត្រីជាប់កិច្ចសន្យា ដោយផ្អែកលើកម្ពស់បុរស១ម៉ែត្រ៧០សង់ទីម៉ែត្រឡើង និងនារី១ម៉ែត្រ៦៥សង់ទីម៉ែត្រឡើង និងមានអតីតភាពកិច្ចសន្យាការងារយូរជាងគេ។ ការជ្រើសរើសនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ជាអ្នកទទួលបន្ទុកវាយតម្លៃ និងជ្រើសរើសដោយផ្ទាល់។ បន្ថែមលើការផ្តល់អាវភ្លៀង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភមន្ត្រីកិច្ចសន្យាក្នុងពិធី ចំនួន ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ។ បញ្ហាប្រឈមដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែមានកម្រិតខ្ពស់។ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១ ៥២០លើកថយចុះ ១៤លើក ស្មើនឹង ១% ក្នុងនោះចំនួនអ្នកស្លាប់ មាន ៧៩៣នាក់ បានកើនឡើង ៣៧នាក់ ស្មើនឹង ៥%?អ្នករបួសចំនួន ២ ១១៦នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២% ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មី និងដាក់ចេញវិធានការជាច្រើន ដើម្បីតម្រង់ទិសដល់ការរឹតបន្តឹងការអនុវត្តច្បាប់ កាន់តែមានតម្លាភាព និងស័ក្តិសិទ្ធិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ (ប៉ោយប៉ែតប៉ុស្តិ៍)
ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ! (ប៉ោយប៉ែតប៉ុស្តិ៍)
មុខសញ្ញាជនសង្ស័យ០៩នាក់ ដែលធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តហើយ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា