សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួប ២៥ ឆ្នាំ បង្កើតអាយសុីសុី អង្គរ...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កម្មវិធីអបអរសាទរខួប ២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និង អភិវឌ្ឍន៍តំបន់រមណីយដ្ឋាន អង្គរ ហៅ កាត់ថា៖ (អាយស៊ីស៊ី អង្គរ) ក្រោមការចូលពីលោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ នឹង ឥស្សរជនជាន់ខ្ពស់ តំណាងក្រសួងការបរទេសជប៉ុន និងតំណាងក្រសួងវប្បធម៌ បារាំង មន្រ្តីរាជការ របស់រដ្ឋាភិបាល អ្នកជំនាញជាតិ និង អន្ដរជាតិ មុនចាប់ផ្តើមកម្មវិធី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសវនការជាមួយ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ , ឯកឧត្តម Manabu MIYAGAWA អនុរដ្ឋមន្រ្ដី និង ជាអគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូត បារាំង តំណាងក្រសួងវប្បធម៌បារាំង និង ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ជាសហប្រធាននៃ អាយស៊ីស៊ីអង្គរ ព្រមទាំងគណៈប្រតិភូមួយចំនួនទៀតផងដែល។
គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី អង្គរ គឺជាយន្តការអន្ដរជាតិ ដើម្បីគៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្ស ពីសហគមន៍អន្ដរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ ដែលមានភាពធំធេង និងត្រូវការធនធាន ជាច្រើនដើម្បីអនុវត្តកាតព្វកិច្ចនេះ ហើយការចូលរួមរបស់គណៈប្រតិភូទាំងអស់ បានបង្ហាញអោយឃើញពីការគាំទ្រយ៉ាងរឹងមាំ ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក។
ក្នុងដំណើរការរបស់ខ្លួន គណៈកម្មាធិការ អាយស៊ីស៊ី អង្គរ បានរៀបចំកិច្ចប្រជុំបច្ចេកទេសចំនួន ៣១ដង និងកិច្ចប្រជុំពេញអង្គចំនួន ២៥ដង រួចមកហើយ ហើយដែលថវិការាប់រយលានដុល្លារត្រូវបានប្រើប្រាស់ និងអ្នកជំនាញបច្ចេកទេសជាតិ រាប់រយនាក់ បានទទួលការបណ្ដុះបណ្តាល និងបន្ដវេនយ៉ាងរឹងមាំ ដើម្បីធានានូវការអភិរក្សប្រកបដោយវីរភាពនៃតំបន់អង្គរ។
ជាសក្សីភាពនៃការជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានប្រគល់វិញ្ញាបន័បត្រការចុះបញ្ជីលោ្ខនខោល វត្តស្វាយអណ្ដែត ជាតំណាងល្ខោនខោលនៃ កម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌ អរូបី មនុស្សជាតិកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាទីក្រុងព័រល្វី នៃសាធារណរដ្ឋ ម៉ូរីស ដល់សម្ដេចតេជោ ហ៊ុន សែន ដែល។ នេះជាមោទនភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជាទាំងមូល ជាមួយគ្នានេះដែល សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបំពាក់មេដាយនិមិត្តរូប ជូនឥស្សរជនអន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកចិត្ត ក្នុងបុព្វហេតុ
អភរិក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។
ជាមួយនឹងទស្សនទាន និងការចែករំលែកបទពិសោធន៍ជាច្រើន ដែលកម្ពុជាឆ្លងកាត់នាអតីតកាល សម្ដេចតេជោ បានបង្ហាញអំពីការតាំងចិត្ត និងសុឆន្ទៈដ៏មោះមុត និងត្រៀមខ្លួនចូលរួមជានិច្ច ជាមួយរាល់ដៃគូ សហប្រតិបត្តិការ អន្ដរជាតិ ទាំងអស់ ក្នុងការថែរក្សាមរតកដូនតា ដែលជាមរតកមនុស្សជាតិ ហើយសម្ដេចតេជោ បានរម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមធ្វើយ៉ាងណាលើកតម្លៃបេតិកភណ្ឌជាតិអោយបានគង់វង្ស និងសិ្ថតស្ថេរជានិរន្តន៍ ៕
ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com