រាជធានីភ្នំពេញ៖ ក្តៅៗ.!សមត្ថកិច្ចខណ្ឌសែនសុខបង្រ្កាបបានជនសង្ស័យម្នាក់ លួចរថយន្ត Lexus NX200T ចេញពីខណ្ឌពោធិ៍សែនជ័យ បានយ៉ាងរហ័ស កាលពីវេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចខណ្ឌសែនសុខបានអោយដឹងថា៖ ជនសង្ស័យដែលលួចរថយន្តនោះមានឈ្មោះ ខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។ ចំណែករថយន្ដដែលជនសង្ស័យលួច ម៉ាក Lexus NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6695។ ម្ចាស់ឈ្មោះ សាញ់ ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចំណែកកូនស្រី ជាអ្នកបើកបររថយន្តខាងលើ ឈ្មោះ សន សុីវហុង អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ។ យោងតាមប្រភពព័ត៌មាន បានអោយដឹងថា៖ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលលួចរថយន្តខាងលើ ត្រូវបាននគរបាលក្រសួងមហាផ្ទៃប្រទះឃើញរថយន្តនៅក្នុងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន បន្ទាប់មកកំលាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ដាក់កម្លាំងឃ្លាំមើល រហូតដល់វេលាម៉ោង០៩ និង ៣០ នាទីយប់ ថ្ងៃទី២០ ខែឆ្នាំដ៏ដែល ស្រាប់តែលេចមុខជនសង្ស័យ មកមើលរថយន្ត ក៏ត្រូវនគរបាលឃាត់ចាប់ខ្លួនបានតែម្តង។ គួរំលឹកផងដែលថា៖ រថយន្ត ឡិចស៊ីស NX200T មួយគ្រឿង ត្រូវបានចោរបន្លំខ្លួនជាជាង មកតភ្ជាប់ GPS លុះម្ចាស់ភ្លេចខ្លួន ក៏លួចបើករត់គេចទៅបាត់ទៅ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដោយម្ចាស់បានត្រឹមរត់ទៅប្តឹងប៉ូលិសនៅខណ្ឌពោធិសែនជ័យ អោយជួយអន្តរាគមន៍។ បើតាមសមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្ត កាលពីបម្រើការងារ ជាជាង GPS នៅក្រុមហ៊ុន ខេជី ជនខាងលើ ធ្លាប់បានលួចរថយន្ត ឡិចសុីស RX300 របស់អតិថិជនម្តងហើយ តែម្ចាស់រកឃើញវិញ ហើយជនល្មើសរត់គេចខ្លួនបាត់ម្តងហើយ កាលពីអំឡុងឆ្នាំ២០១៩ ខាងក្រុមហ៊ុនក៏ប្រកាសលែងទទួលស្គាល់បុគ្គលិករូបនេះដែរ សមត្ថកិច្ចក៏តាមស្វែងរកចាប់ខ្លួន ហើយជនសង្ស័យមកបន្លំខ្លួនមកបម្រើការងារអោយក្រុមហ៊ុនថ្មី ស្រាប់តែមកធ្វើសកម្មភាព លួចរថយន្ត ឡិចសុីសNX200T មួយគ្រឿងខាងលើ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ គេចខ្លួន ស្រាប់តែនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តភិនភាគខាងលើ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញ នៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលជនសង្ស័យយកមកដើម្បីប្តូរពណ៌ ហើយសមត្ថកិច្ចបានដកហូតរថយន្តទៅរក្សាទុក រីឯកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួរ ម៉េងវ៉ាង ដាក់ឃ្លាំរងចាំឃ្លាំមើល ទីតាំងយានដ្ឋាន រហូតដល់វេលាម៉ោង០៩និង៣០នាទីយប់ ក៏លេចមុខជនសង្ស័យ ខន ពន្លក មកដល់ ក៏ចាប់ឃាត់ខ្លួន ប្រគល់ជូនលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីចោរលួចរថយន្ត ដើម្បីយកជនសង្ស័យទៅបន្តនីតិវិធីតែម្តង។ បើតាមចម្លើយសារភាព របស់ជនល្មើស ពេលលួចរថយន្តបានហើយ ក៏បើកចេញតាមរង្វង់មូលចោមចៅ យករថយន្តទៅលាក់ទុកនៅផ្ទះរបស់ប្រពន្ធ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដោះស្លាកលេខចេញ លាក់ទុកក្រោមកៅអី លុះនៅរសៀលថ្ងៃទី២០ ខែមករា នេះ ខ្លួនបានបើករថយន្តទៅឲ្យជាងប្តូរពណ៌ ដាក់ពណ៌ខ្មៅ នៅយានដ្ឋានខាងលើ លុះដល់យប់ថ្ងៃដ៏ដែល ទៅមើលរថយន្ត ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខចាប់ខ្លួនបានតែម្តង៕ ដោយៈ ព្រីង សំឡុត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា